ស្ពាន​ជ្រោយចង្វា​រនិង​បើក​ដំណើរការ​មុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃ​ណីយ៏​ខ្មែរ​ខាងមុខ​

​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បាន​បញ្ជាក់​ថា​ ​គិត​ត្រឹម​ថ្ងៃទី៦​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​ការ​ជួសជុល​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​ ​(​ជ្រោយ​ចង្វា​រ​)​ ​សម្រេច​បាន៩៦​%​ ​ហើយ​ ​ដោយ​គ្រោង​ដាក់ឲ្យ​ដំណើរការ​ឡើងវិញ​ ​នៅមុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​ថ្មី​ ​ប្រពៃណី​ជាតិខ្មែរ​។​

នៅ​ថ្ងៃទី៦​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​លោក​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​វឌ្ឍនភាព​ ​នៃ​ការ​ជួសជុល​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​ ​(​ជ្រោយ​ចង្វា​រ​)​ ​ដោយមាន​ការចូលរួម​ពី​មន្ត្រី​ក្រសួង​ ​តំណាង​ក្រុមហ៊ុន​ជួសជុល​សាងសង់​ ​និង​ក្រុមហ៊ុន​ត្រួតពិនិត្យ​លក្ខណ​បច្ចេកទេស​។​

​ក្រសួងសាធារណការ​បាន​ឲ្យដឹង​ថា​ ​ដោយសារ​ស្ពាន​នេះ​មាន​អាយុកាល​ដ៏​ចំណាស់​ ​ហើយ​ស្រប​ពេល​កំណើន​សេដ្ឋកិច្ច​ ​និង​រំហូរ​ចរាចរណ៍​ ​កើនឡើង​ជាលំដាប់​ ​ស្ពាន​នេះ​តម្រូវ​ឱ្យ​មានការ​ជួសជុល​ឡើងវិញ​ជាបន្ទាន់​ ​ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ៣០លាន​ដុល្លារ​អាមេរិក​ ​ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ ​ដែល​បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី១៥​ ​ខែកញ្ញា​ ​ឆ្នាំ២០១៧​ ​និង​គម្រោង​បញ្ចប់​នៅ​ថ្ងៃទី១៤​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​។​ ​គិត​រហូតមកដល់​ពេលនេះ​ ​ការងារ​ស្តារ​ ​និង​ជួសជុល​ស្ពាន​នេះ​ឡើងវិញ​សម្រេច​បាន៩៧​%​ ​ហើយ​ ​និង​គ្រោង​បើក​ឱ្យ​ដំណើរការ​នៅមុន​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ​។​

​ស្ពាន​នេះ​មាន​ប្រវែង៩៧១មែ​ត្រ​ ​ទទឹង១៣ម៉ែត្រ​ ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦Aក្នុង​ភូមិសាស្ត្រ​ទឹកដី​ ​រាជធានី​ភ្នំពេញ​ ​ត្រូវ​បាន​សាងសង់​ ​និង​សម្ភោ​ធ​ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ១៩៦៣​ ​ក្រោម​ហិរញ្ញប្បទាន​ឥត​ ​សំណង​របស់​ប្រទេស​ជប៉ុន​។​

​ស្ពាន​នេះ​ត្រូវ​បាន​ខូចខាត​ដោយ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ ​និង​ត្រូវ​បាន​សាងសង់​ឡើងវិញ​នៅ​ឆ្នាំ១៩៩២​ ​ដោយ​ប្រទេស​ជប៉ុន​ ​ហើយ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅជា​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​ ​ដោយ​ព្រះ​មហា​វីរក្សត្រ​ ​សម្ដេចព្រះ​បាទ​ព្រះ​បរម​រតន​កោដ្ឋ​ ​នរោត្ដម​ ​សីហនុ​ ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close