មន្រ្ដី​ជាន់ខ្ពស់​ក្រសួងសាធារណការ​៖​ ​មិនទាន់​ទទួល​ព័ត៌មាន​ ​សម្រាប់​កិច្ច​ព្រមព្រៀង​សាងសង់​ស្ពាន​ស្វាយ​ជ្រុំ​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រធានាធិបតី​កូរ៉េ​មក​កម្ពុជា​នោះ​ទេ​

​មន្រ្ដី​ជាន់ខ្ពស់​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បាន​អះអាង​ថា​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ ​ប្រធានា​ធិប​តិ​កូរ៉េ​ខាងត្បូង​មកកាន់​កម្ពុជា​ ​ចាប់ពី​ថ្ងៃទី១៤​ ​ដល់​ថ្ងៃទី១៦​ ​ខែមីនា​ខាងមុខនេះ​ ​គឺ​ក្រសួង​នៅ​មិនទាន់​ទទួល​ព័ត៌មាន​ ​ឬក៏​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​ភាគី​កូរ៉េ​ក្នុង​ការសាងសង់​ ​ស្ពាន​ឆ្លងទន្លេ​មេគង្គ​ ​ពី​តំបន់​ជ្រោយ​ចង្វា​រ​ទៅកាន់​តំបន់​ស្វាយ​ជ្រុំ​នោះ​ទេ​។​

លោក​ ​វ៉ា​ ​ស៊ី​មសូរិ​យា​ ​អ្នកនាំពាក្យ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​បាន​ថ្លែង​ថា​ ​រហូត​ ​មកដល់ពេលនេះ​ ​នៅ​មិនទាន់​ទទួល​ព័ត៌មាន​ស្ដីពី​កិច្ច​ព្រមព្រៀង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​ ​មេគង្គ​ ​តំបន់​ស្វាយ​ជុំ​ខាងលើ​នេះ​នៅឡើយ​ទេ​។​

​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ការបរទេស​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​ ​ឯកឧត្តម​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​និង​ភាគី​កម្ពុជា​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​នឹង​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយចំនួន​។​ ​ប៉ុន្តែ​ក្រសួង​ការបរទេស​មិនបាន​បញ្ជាក់​លម្អិត​ថា​ ​កិច្ច​ព្រមព្រៀង​អ្វីខ្លះ​ដែល​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​នឹង​ត្រូវ​ចុះហត្ថលេខា​នោះ​ទេ​។​

​សូមជម្រាប​ថា​ ​គម្រោង​សាងសង់​ស្ពាន​ជ្រោយចង្វា​-​ស្វាយ​ជ្រុំ​នេះ​ ​ត្រូវ​បាន​ភាគី​ចិន​ ​សិក្សា​ចប់​ម្តង​រួចហើយ​ ​ប៉ុន្តែ​បច្ចុប្បន្ន​ ​គម្រោង​នេះ​ ​គឺ​ស្ថិត​ក្រោម​ការសិក្សា​គម្រោង​របស់​ភាគី​ប្រទេស​កូរ៉េ​វិញ​ម្តង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close