ក្រុមហ៊ុន​អាកាសចរណ៍​ ​Emirates​ ​គ្រោង​បើក​ជើងហោះហើរ​ថ្មី​ ​ភ្ជាប់​រាជធានី​ភ្នំពេញ​ ​និង​រាជធានី​បាងកក​ ​នៅ​ខែមិថុនា​ ​ខាងមុខ​

​បន្ទាប់ពី​ធ្វើ​ប្រតិបត្តិ​ការហោះហើរ​ ​មកកាន់​រាជធានី​ភ្នំពេញ​ជាលើកដំបូង​នៅក្នុង​ខែកក្កដា​ ​ឆ្នាំ២០១៧​ ​ឥឡូវនេះ​ ​ក្រុមហ៊ុន​អាកាសចរណ៍​ ​Emirates​ ​នៃ​ប្រទេស​អារ៉ាប់រួម​ ​គ្រោង​នឹង​បើក​ជើងហោះហើរ​ថ្មី​មួយទៀត​ ​ដើម្បី​តភ្ជាប់​រាជធានី​ភ្នំពេញ​ ​ទៅកាន់​រាជធានី​បាងកក​ ​ប្រទេស​ថៃ​ ​សម្រាប់​ ​ផ្តល់​ជូន​អតិថិជន​ទាំងអស់​នូវ​ការ​ធ្វើដំណើរ​ប្រកបដោយ​ផាសុកភាព​។​

​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​លោក​ ​ប៉ាន់​ ​សូរ​ស័ក្តិ​ ​កាលពី​ថ្ងៃទី១៤​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​នៅ​ទីស្ដីការ​ក្រសួង​ពាណិជ្ជកម្ម​ ​លោក​ ​អាប់​ឌុល​ឡា​ ​អេ​ត​ណាន់​ ​(​Abdulla​ ​Adnan​)​ ​នាយក​ក្រុមហ៊ុន​ ​Emirates​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​បាន​គូសបញ្ជាក់​ថា​ ​Emirates​ ​ចង់​ធ្វើឲ្យ​ទីក្រុង​ឌុយបៃ​ ​ក្លាយជា​វេទិកា​តភ្ជាប់​ប៉ែក​ខាងកើត​ ​ទៅកាន់​ខាងលិច​ ​ហើយ​តាមរយៈ​ជើងហោះហើរ​ថ្មីនេះ​ ​ក្រុមហ៊ុន​នឹង​ប្រើប្រាស់​យន្តហោះ​ធុន​បូ​អីង​ ​៧៧៧​ ​និង​អ៊ែ​បើស​ ​A៣៨០​ ​ដើម្បី​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ ​ទៅកាន់​ពិព័រណ៍​ពិភពលោក​ឌុយបៃ​ ​ឆ្នាំ២០២០​ ​ជាមួយ​បច្ចេកវិទ្យា​ទំនើប​ ​គ្មាន​ទំនាញផែនដី​។​

​ជា​ការ​ឆ្លើយតប​ ​លោក​ ​ប៉ាន​ ​សូរ​ស័ក្តិ​ ​រដ្ឋ​មន្រ្ដី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​ការ​បើកឲ្យ​មាន​ជើង​ហើរ​ថ្មី​ ​របស់​ក្រុមហ៊ុន​ ​Emirates​ ​ដែល​នឹង​ផ្តល់​ភាព​ងាយ​ ​ស្រួល​ ​សម្រាប់​ភ្ញៀវ​ទេសចរ​ ​និង​វិនិយោគិន​ ​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា​ ​និង​ប្រទេស​ថៃ​។​

​គួរ​បញ្ជាក់​ថា​ ​ក្រុមហ៊ុន​អាកាសចរណ៍​ ​Emirates​ ​បាន​ធ្វើ​ប្រតិបត្តិ​ការហោះហើរ​ ​មកកាន់​ ​រាជធានី​ភ្នំពេញ​ដំបូង​នៅក្នុង​ខែកក្កដា​ ​ឆ្នាំ២០១៧​ ​ដែល​គិត​មកទល់​បច្ចុប្បន្ន​ ​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​ ​បាន​ដឹក​អ្នកដំណើរ​ប្រមាណ១០ម៉ឺន​នាក់​ ​និង​បាន​ ​ឈ្នះ​ពានរង្វាន់​ជាប់គ្នា​យ៉ាងច្រើន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close