រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​អំពាវនាវ​ឲ្យ​យកចិត្ត​ទុកដាក់​បង្ការ​គ្រោះ​អគ្គិភ័យ​ ​ក្នុង​រដូវប្រាំង​នេះ​

​រដ្ឋមន្រ្តី​ក្រសួង​មហា​មន្រ្តី​ ​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​នៅ​ថ្ងៃទី១៩​ ​មីនា​ ​ឆ្នាំ២០១៩​ ​បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ​អាជ្ញាធរ​ ​និង​មន្រ្តី​មានសមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ ​សូម​យកចិត្ត​ទុកដាក់​ការពារ​ ​និង​បង្ការ​គ្រោះ​អគ្គិភ័យ​ក្នុង​រដូវប្រាំង​នេះ​។​

​សម្តេច​បាន​លើកឡើង​ថា​ ​តាម​ការព្យាករណ៍​ ​អាកាសធាតុ​នៅ​ប្រទេស​យើង​នឹង​ឡើង​កំ​ដៅ​រហូតដល់​លើស៤០អង្សា​ ​ចាប់ពី​ពេលនេះ​តទៅ​ ​រហូតដល់​រយៈពេល​ប្រមាណ​ពីរ​ខែ​ទៅមុខ​ទៀត​ ​ដែល​នឹង​ធ្វើឲ្យ​អាកាសធាតុ​ក្តៅ​ ​ស្ងួត​ ​ហួតហែង​ ​ងាយ​នឹង​បណ្តាល​ឲ្យ​កើត​គ្រោះ​អគ្គិភ័យ​ជាយថាហេតុ​។​ ​ក្នុង​ន័យ​នេះ​ ​សម្តេច​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ​អាជ្ញាធរ​មូលដ្ឋាន​ ​និង​កងកម្លាំង​មានសមត្ថកិច្ច​ទាំងអស់​ ​សូម​យកចិត្ត​ទុកដាក់​អនុវត្ត​វិធានការ​មួយចំនួន​ដូចជា​៖​

​១​-​ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន​គ្រប់ពេល​ចំពោះ​ដើមចម​ដែល​អាចប​ង្កើត​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​ដូចជា​ ​ភ្លើង​ចង្រ្កាន​ ​ភ្លើងចង្កៀង​ ​ភ្លើង​ធូប​-​ទៀន​ ​ការ​ដុត​សំរាម​ ​ដុត​ព្រៃ​-​ចំការ​-​វាលស្រែ​ ​ការ​បោះចោល​កន្ទុយបារី​ផ្តេសផ្តាស​ ​ការ​តភ្ជាប់​ ​ឬ​ប្រើ​ចរន្ត​អគ្គិសនី​មិន​ត្រឹមត្រូវ​តាម​បច្ចេកទេស​ ​ការ​ទុកដាក់​ប្រេងឥន្ធនៈ​ ​ឧស្ម័ន​ចំហេះ​ ​វត្ថុ​ងាយ​ឆេះ​ ​ឬ​ងាយ​ផ្ទុះ​ឆេះ​ ​។​ល​។​ ​ដោយ​ត្រួតពិនិត្យ​ឲ្យបាន​ហ្មត់ចត់​ ​បង្ការ​កុំ​ឲ្យ​មានការ​ឆេះ​រាលដាល​បង្កើត​ជា​គ្រោះ​អគ្គិភ័យ​។​

​២​-​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​យកចិត្ត​ទុកដាក់​រៀបចំ​សណ្តាប់​ធ្នាប់​បណ្តាញ​អគ្គិសនី​ ​និង​ផ្លូវ​សាធារណៈ​នៅ​តំបន់​ងាយ​រងគ្រោះ​ ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ចុះ​អន្តរាគមន៍​សង្រ្គោះ​បាន​ទាន់ពេល​វេលា​។​

​៣​-​អង្គភាព​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត​ ​និង​នៅ​តាម​បណ្តា​ស្ថានីយ៍​រថយន្ត​អគ្គិភ័យ​ក្រុង​-​ស្រុក​ ​ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​អំពី​វិធានការ​បង្ការ​អគ្គិភ័យ​ ​ឧបករណ៍​សម្ភារ​ ​ប្រេងឥន្ធនៈ​ ​ទឹក​ស្តុក​ ​និង​ប្រភព​យក​ទឹក​ឲ្យ​គ្រប់គ្រាន់​ ​បម្រើ​ឲ្យ​ការងារ​ពន្លត់​ ​និង​សង្រ្គោះ​ ​ដើម្បី​ធានា​ដល់​កិច្ច​អន្តរាគមន៍​ចាប់​រហ័ស​ ​និង​មានប្រសិទ្ធភាព​។​

​៤​-​ពេល​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ ​ត្រូវ​ផ្តល់​ព័ត៌មាន​ជាបន្ទាន់​មក​អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅ​ជិត​បំផុត​ ​ឬ​ទាក់ទង​មន្រ្តី​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ ​តាមរយៈ​ទូរស័ព្ទ​លេខ​ ​១១៧​ ​ឬ​ ​លេខ​ ​៦៦៦​ ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close