អត្តសញ្ញាណ​ប័ណ្ណ​គំរូ​ចាស់​ ​នឹង​មិន​ត្រូវ​អនុញ្ញាត​សម្រាប់​ការ​ស្នើ​ធ្វើ​ស្លាក​លេខ​ ​ប័ណ្ណបើកបរ​ ​ឬ​ប័ណ្ណ​សម្គាល់​យានយន្ត​ឡើយ​

​រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​បាន​លើកឡើង​ថា​ ​រាល់​អ្នកស្នើ​សុំ​សេវា​ទាំងអស់​ពាក់ព័ន្ធ​ថ​នឹង​ការ​ធ្វើ​ស្លាក​លេខ​ ​ប័ណ្ណ​សម្គាល់​យានយន្ត​ ​ឬ​ប័ណ្ណបើកបរ​ ​ត្រូវ​យក​អត្តសញ្ញាណ​ប័ណ្ណ​គំរូ​ថ្មី​មក​ ​ទើប​មន្រ្តី​ជំនាញ​ធ្វើ​ជូន​ ​បើ​មិន​មាន​ទេ​ ​នឹង​មិន​ធ្វើ​ជូន​ឡើយ​។​

​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិ​ភាព​ចរារ​ចណ៍​ផ្លូវគោក​ ​កាលពី​ថ្ងៃទី២០​ ​ខែមីនា​ ​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋ​មន្រ្ដី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​ថា​ ​ការ​តម្រូវឲ្យ​មាន​អ​ត្ដ​សញ្ញាប័ណ្ណ​គំរូ​ថ្មី​ ​ដើម្បី​ធ្វើ​ស្លាក​លេខ​ ​ប័ណ្ណ​សម្គាល់​យាន​យន្ដ​ ​ឬ​ប័ណ្ណបើកបរ​នេះ​ ​ដោយសារតែ​មានការ​ស្នើសុំ​ពីអ​គ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ​ក្នុង​ការពិនិត្យ​លើ​ការ​ផ្ដល់​សេវា​នេះ​ឲ្យបាន​ត្រឹមត្រូវ​។​ ​លោក​បញ្ជាក់​ថា​ ​ក្រសួង​នឹង​ពិនិត្យ​ឡើងវិញ​ ​ដើម្បី​ណែនាំ​ដល់​អ្នក​មក​សុំ​សេវា​ ​ត្រូវ​មាន​អ​ត្ដ​សញ្ញាណ​ប័ណ្ណ​គំរូ​ថ្មី​ ​សម្រាប់​បញ្ជាក់​អំពី​អ​ត្ដ​សញ្ញាណ​របស់​អ្នកស្នើ​សុំ​ឲ្យបាន​ច្បាស់លាស់​ក្នុង​ការ​សម្គាល់​ម្ចាស់​យាន​យន្ដ​។​

​លោក​ឧត្តមសេនីយ៍​ ​ហ៊ឹម​ ​យ៉ាន​ ​អគ្គស្នងការ​រង​នគរបាល​ជាតិ​ ​បាន​ថ្លែង​ថា​ ​ការ​ស្នើសុំ​ដល់​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ឲ្យ​ពិនិត្យ​ឡើងវិញ​នូវ​រាល់​ ​ការ​ផ្ដល់​សេវា​សាធារណៈ​ទាំងអស់​ពាក់ព័ន្ធ​នឹង​វិស័យ​សាធារណការ​នេះ​ ​គឺ​ដោយសារ​កាលពី​ឆ្នាំ២០១៨កន្លងមក​នេះ​ ​សមត្ថកិច្ច​នគរបាល​បាន​ធ្វើការ​ចាប់​ពិន័យ​យាន​យន្ដ​ ​បើកបរ​លើស​ល្បឿន​កំណត់​នៅ​តាម​ដងផ្លូវ​ ​និង​បទល្មើស​ចរាចរណ៍​ចំនួន​ជាង៧ពាន់​គ្រឿង​ ​ក្នុង​នោះ​សមត្ថកិច្ច​រក​ឃើញ​ម្ចាស់​តែ​ជាង២ពាន់​គ្រឿង​ប៉ុណ្ណោះ​ ​ដោយសារតែ​ម្ចាស់​យាន​យន្ដ​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​ក្នុង​ការ​ធ្វើ​ស្លាក​លេខ​ ​ឬ​ប័ណ្ណ​សម្គាល់​យាន​យន្ដ​។​ ​លោក​ថា​ ​ដូច្នេះ​ ​ក្រសួងសាធារណការ​ ​ត្រូវតែ​ពិនិត្យ​ឡើងវិញ​ ​និង​កំណត់​យក​អ​ត្ដ​សញ្ញាណ​ប័ណ្ណ​គំរូ​ថ្មី​ពី​អ្នកសុំ​សេវា​ ​ដោយ​ឈប់​យក​លិខិតបញ្ជាក់​ ​ឬ​ប្រភេទ​លិ​ខិត​ផ្សេង​ៗ​ទៀត​ ​ដើម្បី​ចៀសវាង​ ​និង​ផ្ដល់​ការ​លំបាក​ក្នុង​ការស្រាវជ្រាវ​រក​ ​អ​ត្ដ​សញ្ញាណ​អ្នកបើកបរ​យាន​យន្ដ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close