ចាន់ វឌ្ឍនាកា រកបាន​គ្រាប់​ទី​២ នៅ​ជប៉ុន មុន J-League 3

គ្រាប់​បាល់​ទី​២ របស់​កីឡាករ​ឆ្នើម​កម្ពុជា ចាន់ វឌ្ឍនាកា បាន​កើនឡើង​ហើយ អំឡុងពេល​ខ្សែប្រយុទ្ធ​ជំនាញ​ជើងឆ្វេង​រូបនេះ ជួយ​ក្លឹប​ថ្មី Fujieda MYFC របស់​ជប៉ុន យកឈ្នះ​ក្រុម Tokiwadai Hamamatsu ដោយ​លទ្ធផល ៣-០ ក្នុងជំនួប​មិត្តភាព​កាលពី​ម្សិល មុននឹង​ក្រុម​លំដាប់​លី​គ​ទី​៣ (J-League 3) របស់​ជប៉ុន​នេះ ត្រូវ​ប្រកួត​ក្រៅ​ទឹកដី​បើកឆាក​រដូវ​កាល​ថ្មី ទល់នឹង​ម្ចាស់ផ្ទះ Kagoshima United នា​ថ្ងៃទី​១១ ខែមីនា​ចុង​សប្ដាហ៍​នេះ​។​

​គួរ​បញ្ជាក់ថា វឌ្ឍនាកា បានធ្វើ​ដំណើរ​ទៅដល់​ជប៉ុន និង​ហ្វឹកហាត់​ជាមួយ​ក្លឹប Fujieda MYFC កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ​កន្លងទៅ​។ រហូតមកទល់​បច្ចុប្បន្ន កូនប្រុស​បង្កើត​របស់​អភិបាល​ខេត្តកំពត​រូបនេះ បានបង្ហាញ​វត្តមាន​ក្នុងការ​ប្រកួត​លក្ខណៈ​មិត្តភាព​ដកស្រង់​បច្ចេកទេស​ចំនួន ៦​ដង​មកហើយ ប៉ុន្ដែ​ខ្សែប្រយុទ្ធ​វ័យ ២៣​ឆ្នាំ​រូបនេះ ទើប​រកបាន ២​គ្រាប់​ប៉ុណ្ណោះ បើ​គិត​ទាំង​គ្រាប់​បំប៉ោង​សំណាញ់​ទី​គូប្រកួត​កាលពី​ម្សិលមិញ​។
​រីឯ​គ្រាប់​បាល់​ទី​១ វឌ្ឍនាកា រកបាន​កាលពី​ជួយ​ក្រុម Fujieda បំបាក់​ក្រុម Meijo University ដោយ​លទ្ធផល ៦-១ កាលពី​ចុងខែ​កុម្ភៈ​កន្លងទៅ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close