ព្រឹក​នេះ​ ​សម្តេច​ ​ហេង​ ​សំ​រិន​ ​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ ​និង​ឡាវ​

​នៅ​ព្រឹកថ្ងៃទី២៨​ ​ខែ​ ​ឧសភា​ ​ឆ្នាំ២០១៩នេះ​ ​សម្ដេច​ ​ហេង​ ​សំ​រិន​ ​ប្រធាន​រដ្ឋសភា​កម្ពុជា​ ​នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​និង​មិត្តភាព​នៅ​ប្រទេស​វៀតណាម​ ​និង​ឡាវ​រយៈពេល៥ថ្ងៃ​ ​ដើម្បី​រិត​ចំណង​មិត្ត​ ​បង្កើន​ទំនាក់ទំនង​ ​និង​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ប្រទេស​ទាំងពីរ​នេះ​ ​ក្នុង​ក្របខណ្ឌ​សភា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការ​ដ្ឋាន​រដ្ឋសភា​ឲ្យដឹង​ថា​ ​ចាប់ពី​ថ្ងៃទី២៨​ ​ដល់​ថ្ងៃទី៣០​ ​ខែឧសភា​ ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ​ហេង​ ​សំ​រិន​ ​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​ ​និង​មិត្តភាព​ ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ​តប​តាម​ការ​អញ្ជើញ​របស់​លោកជំទាវ​ ​ង្វៀន​ ​ធី​ ​គិម​ ​ងិន​ ​(​NGUYEN​ ​THI​ ​KIM​ ​NGAN​)​ ​ប្រធាន​រដ្ឋសភា​វៀតណាម​ ​។​ ​បន្ទាប់មក​នឹង​បន្តដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​ ​និង​មិត្តភាព​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ ​ចាប់ពី​ថ្ងៃទី៣០​ ​ខែឧសភា​ ​ដល់​ថ្ងៃទី១​ ​ខែមិថុនា​ ​តប​តាម​ការ​អញ្ជើញ​របស់​លោកជំទាវ​ ​ផា​នី​ ​យ៉ា​ថ​ទូ​ ​(​PANY​ ​YATHOTOU​)​ ​ប្រធាន​រដ្ឋសភា​ឡាវ​។​

​នៅក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​ ​និង​មិត្តភាព​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា​ ​គ្រោង​នឹង​ចូល​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ ​និង​សម្តែង​ការគួរសម​ជាមួយ​ថ្នាក់ដឹកនាំ​សំ​ខាន់​ៗ​របស់​ភាគី​វៀតណាម​ ​មាន​ដូចជា​ ​លោកស្រី​ ​ង្វៀន​ ​ធី​ ​គីម​ ​ងិន​ ​(​NGUYEN​ ​THI​ ​KIMNGAN​)​ ​ប្រធាន​រដ្ឋសភា​វៀតណាម​ ​ឯកឧត្តម​ ​ង្វៀន​ ​ភូ​ជុង​ ​(​NGUYEN​ ​PHU​ ​TRONG​)​ ​អគ្គ​លេខាធិ​កា​រម​ជ្ឈឹម​បក្ស​កុម្មុយនីស្ត​វៀតណាម​ ​និង​ជា​ប្រធាន​រដ្ឋ​វៀតណាម​ ​ឯកឧត្តម​ ​ង្វៀន​ ​ស៊ុន​ ​ហ៊្វុ​ក​ ​(​NGUYEN​ ​XUAN​ ​PHUC​)​ ​នាយក​រដ្ឋមន្ត្រី​វៀតណាម​ ​លោក​ ​ជិន​ ​ថាញ់​មិន​ ​(​TRAN​ ​THANH​ ​MAN​)​ ​ប្រធាន​គ​ណៈ​កម្មា​ធិការ​មជ្ឈឹ​មរណ​សិរ្ស​មាតុភូមិ​វៀតណាម​ ​និង​លោក​ ​វូ​ ​ម៉ៅ​ ​(​VU​ ​MAO​)​ ​ប្រធាន​សមាគមមិត្តភាព​វៀតណាម​-​កម្ពុជា​។​ ​ជាមួយគ្នា​នេះ​ ​ក៏​នឹង​មានការ​ចុះហត្ថលេខា​លើ​ឯកសារ​ ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​រដ្ឋសភា​ ​អគ្គលេខាធិការ​ដ្ឋាន​រដ្ឋសភា​នៃ​រដ្ឋសភា​ទាំងពីរ​។​

​ដោយឡែក​ ​នៅ​ប្រទេស​ឡាវ​ ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា​ ​គ្រោង​នឹង​ចូល​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ ​លោកស្រី​ជំទាវ​ ​ផា​នី​ ​យ៉ា​ថ​ទូ​ ​(​PANY​ ​YATHOTUO​)​ ​ប្រធាន​រដ្ឋសភា​ឡាវ​ ​និង​ ​ឯកឧត្តម​ ​ប៊ុ​ន​ញ៉ាំង​ ​ប៉ូ​រ៉ា​ជិត​ ​(​BOUNHANG​ ​VORACHITH​)​ ​ប្រធានាធិបតី​ឡាវ​ ​ព្រមទាំង​ចូលរួម​ក្នុង​កិច្ចប្រជុំ​ផ្លាស់​ប្តូរ​បទពិសោធន៍​ ​រវាង​អគ្គលេខាធិការ​រដ្ឋសភា​ប្រទេស​ទាំងពីរ​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close