មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ៖ ពលរដ្ឋខ្មែរចំណាកស្រុកទៅថៃ ដោយប្រថុយគ្រោះថ្នាក់ ព្រោះតែជីវភាពខ្វះខាត
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានអះអាងថា ពលករខ្មែរដែលលួច ឆ្លងដែនទៅប្រទេសថៃ ដោយប្រថុយនឹងគ្រោះថ្នាក់ដោយសារពួកគាត់ មានជីវភាពខ្វះខាត ដែលរហូតមកដល់បច្ចុប្បន្ន មាន៧០ភាគរយ ក្នុងចំណោមពលករសរុបជាង១លាននាក់ នៅក្នុងប្រទេសថៃ។
ការលើកឡើងនេះ ក្នុងកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធកម្ពុជា-ថៃ ដើម្បីពង្រឹងកិច្ចសហការ ក្នុងការ ដោះស្រាយបញ្ហា ទេសន្តរប្រវេសន៍ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ។
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សបានគូសបញ្ជាក់ថា ស្ថានភាពសិទ្ធិ សេរីភាព ជីវភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងអំពើជួញដូរមនុស្សនៅកម្ពុជា ជាពិសេសការចំណាកស្រុកឆ្លងដែនរបស់ប្រជាពលរដ្ឋកម្ពុជាចូល ទៅប្រទេសថៃ នាពេល កន្លងមក បានបន្តដល់បច្ចុប្បន្ន។
លោកជំទាវបានបន្ដថា “ស្ថានភាពពលរដ្ឋកម្ពុជាឆ្លងដែន ចូលក្នុងប្រទេសថៃ មានទាំងស្របច្បាប់ និងមិនស្របច្បាប់ ហើយចំពោះការឆ្លងដែនដោយ មិនស្របច្បាប់គឺដោយសារពួកគាត់មានជីវភាពខ្វះខាត ដែលធ្វើការចំណាក់ស្រុកឆ្លងដែន ផ្សងព្រេងទាំងប្រថុយគ្រោះថ្នាក់ ដើម្បីចូលទៅស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃ”។
លោកជំទាវបានបន្ថែមថា ចំនួនពលរដ្ឋកម្ពុជាចំណាកស្រុកចូលទៅក្នុងប្រទេសថៃ គិត ត្រឹមឆ្នាំ២០១៤កន្លងទៅ មានចំនួន១៨៣.០០០នាក់។ ដោយឡែកពីឆ្នាំ២០១៧ មកដល់ បច្ចុប្បន្នកើនចំនួនជាង១លាននាក់ ក្នុងនោះស្របច្បាប់មាន៦០ភាគរយ និង មិនទាន់ស្រប ច្បាប់៧០ភាគរយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។