ខ្សែ​ប្រធានមន្ទីរ​កសិកម្ម​ខេត្តកោះកុង​ប៉ុនណា​ ​បាន​ក្រសួង​មិន​ហ៊ាន​ដកចេញ​ពី​តំណែង​

​កោះកុង​៖​ ​ប្រធានមន្ទីរ​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​ខេត្តកោះកុង​ ​គឺ​លោក​ ​អ៊ី​ ​ម៉េ​ង​លាង​ ​ដែល​រង​ការរិះគន់​ថា​ ​បាន​ប្រើប្រាស់​អំណាច​តួនាទី​ជា​ប្រធាន​យក​ដី​រដ្ឋ​លក់​ ​និង​ប្រព្រឹត្តិ​នូវ​ទង្វើ​អសកម្ម​មួយចំនួន​រហូតដល់​ថ្នាក់​ក្រសួង​បាន​ចេញ​លិខិត​ព្រមាន​ប៉ុន្មាន​លើក​មក​ហើយ​។​ ​ប៉ុន្តែ​មកដល់ពេលនេះ​តំណែង​ជា​ប្រធាន​ ​មន្ទីរ​កសិកម្ម​ខេត្តកោះកុង​របស់​លោក​នៅ​ដដែល​បើ​ទោះបីជា​លោក​មិនបាន​អនុវត្តន៍​តាមអ្វី​ដែល​ក្រសួង​ ​បាន​ណែនាំ​យ៉ាងណាក៏ដោយ​។​

​សកម្មភាព​របស់​លោក​ ​អ៊ី​ ​ម៉េ​ង​លាង​ ​ហាក់​មិន​ខ្លាច​រអា​រឡើយ​ចំពោះ​ចំណាត់ការ​របស់​ ​ឯកឧត្តម​ ​វេង​ ​សុខន​ ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​ដែល​បាន​បញ្ជា​ឲ្យ​លោក​ ​អ៊ី​ ​ម៉េ​ង​លាង​ ​ធ្វើ​។​ ​ត្រង់​ចំណុច​នេះ​ ​មានការ​ចោទសួរ​ថា​ ​តើ​លោក​ ​អ៊ី​ ​ម៉េ​ង​លាង​ ​មាន​ខ្សែ​(​អ្នក​កាង​)​ ​ជា​អ្នកណា​បាន​ហ៊ាន​ធ្វើបែប​នេះ​បើ​ទោះបីជា​ក្រសួង​បាន​ធ្វើ​លិខិត​ព្រមាន​ម្តង​ជា​ពីរ​រួចមក​ហើយ​ជុំវិញ​ការងារ​អនុវត្តន៍​របស់​ ​លោក​ដែល​បាន​ធ្វើកន្លង​មក​ដែល​បាន​ធ្វើ​ផ្ទុយ​ទៅ​នឹង​ច្បាប់​ ​និង​បទបញ្ជា​ថ្នាក់លើ​។​

​មហាជន​ទូទៅ​ ​ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តកោះកុង​តែម្តង​កំពុង​រង​ចាំ​មើល​ថា​ ​ភាព​អសកម្ម​របស់​ប្រធានមន្ទីរ​កសិកម្ម​ខេត្តកោះកុង​ប៉ុនហ្នឹង​ហើយ​ក្រសួង​នឹង​មាន​ចំណាត់​អី​បន្ត​ទៀត​។​ ​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​នេះ​ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ធ្លាប់​បាន​លើកឡើង​ថា​ ​មន្រ្តី​ណា​ដែល​ប្រើប្រាស់​តួនាទី​ខ្លួន​មិន​បម្រើ​រាស្រ្ត​ ​ធ្វើបាប​រាស្រ្ត​ ​និង​យក​ទៅ​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ​គឺ​នឹង​ត្រូវ​ធ្វើការ​វះកាត់​បានន័យ​ថា​ ​ត្រូវ​ដកចេញ​ពី​តំណែង​ដោយ​មិន​ទុក​ទៀត​ឡើយ​។​

​រឿងរ៉ាវ​មួយ​ក្នុងចំណោម​រឿងរ៉ាវ​ផ្សេងទៀត​ដែល​ប្រធានមន្ទីរ​កសិកម្ម​រូប​នេះ​ ​រង​ការរិះគន់​នោះ​ ​គឺ​បញ្ហា​លក់​ដី​រដ្ឋ​ដែល​ជា​ទ្រព្យសម្បត្តិ​របស់ក្រ​សួង​កសិកម្ម​។​ ​ករណីនេះ​ក្រសួង​បាន​ចេញ​លិខិត​ចុះ​ថ្ងៃទី៧​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​ដើម្បីឲ្យ​លោក​ ​អ៊ី​ ​ម៉េ​ង​លាង​ ​ធ្វើការ​ដោះស្រាយ​បន្ទាប់ពី​ក្រសួង​បាន​ចុះ​ធ្វើ​អធិការកិច្ច​ ​លើ​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​មន្ទីរ​កសិកម្ម​។​

​ក្នុង​លិខិត​នោះ​ឯកឧត្តម​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​បាន​ចង្អុល​ឲ្យ​លោក​ ​អ៊ី​ ​ម៉េ​ង​លាង​ ​បង្កើន​យកចិត្ត​ទុក​អនុវត្ត​កែ​លម្អ​ចំពោះ​ចំណុច​ខ្វះខាត​ដែល​ក្រសួង​បាន​ណែនាំ​កន្លងមក​។​ ​ក្នុង​នោះ​ត្រូវ​រក្សា​ដី​សត្វឃាត​ដ្ឋាន​ជា​ដី​កសិកម្ម​របស់​មន្ទីរ​ដដែល​ ​រង​ចាំ​ការសម្រេច​របស់​រាជរដ្ឋាភិបាល​ជាមុន​សិន​។​

​ចំពោះ​បញ្ហា​នេះ​ត្រូវ​បាន​លោក​ ​អ៊ី​ ​ម៉េ​ង​លាង​ ​បាន​បដិសេធ​ ​នឹង​បាន​ចោទប្រកាន់​ថា​ ​អ្នកសារព័ត៌មាន​បាន​ចុះផ្សាយ​ខុសពី​ការពិត​ ​បើ​ទោះបីជា​រឿង​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ ​ជា​ការពិត​យ៉ាងណាក៏ដោយ​។​

​សារព័ត៌មាន​យើង​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ ​អ៊ី​ ​ម៉េ​ង​លាង​ ​ចំពោះ​ការ​លើកឡើង​ពី​ភាព​អសកម្មភាព​របស់​លោក​ ​ក្នុង​មុខតំណែង​ជា​ប្រធានមន្ទីរ​កសិកម្ម​ខេត្តកោះកុង​នោះ​ទេ​។​ ​តែ​ទោះបីជា​យ៉ាងណា​ ​ស្ថាប័ន​ព័ត៌មាន​យើង​រង​ចាំ​ជានិច្ច​ចំពោះ​ការ​បំភ្លឺ​របស់​លោក​ ​ដើម្បីឲ្យ​មហាជន​ទូទៅ​បានដឹង​ ​ជាពិសេស​ ​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តកោះកុង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close