ខេត្តកោះកុង និងខេត្តជាលីន ប្រទេសចិន ចុះហត្ថលេខាលើកិច្ចសហការអភិវឌ្ឍន៍ធនធានមនុស្ស
កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកោះកុង និងខេត្តជាលីន នៃសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចចុះហត្ថលេខារួមគ្នាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយពិធីចុះហត្ថលេខានោះបានធ្វើឡើងនៅតំបន់តារាសាគរ ស្ថិតក្នុងស្រុកគិរីសាគរ ខេត្តកោះកុង។
លោជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងបានលើកឡើងថា កន្លងមកខេត្តកោះកុង ទទួលបានក្រុមហ៊ុនជាច្រើនចូលមកដាក់ទុនវិនិយោគ ហើយខេត្តមានធនធានធម្មជាតិដ៏សម្បូរបែប ពិតជាមានសក្តានុពលអាចបម្រើវិស័យសេដ្ឋកិច្ច និងទេសចរណ៍។
ការបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហសប្រតិបត្តិការរវាងខេត្តជាលីន នៃសាធារណរដ្ឋប្រជាមានិតចិន និង ខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា បានឈានដល់ការចងសម្ព័ន្ធមេត្រីភាពខេត្តជាបងប្អូន ហើយកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ ដែលនឹងនាំមកនូវការរីកចម្រើនផ្នែកសេដ្ឋកិច្ច និង ទេសចរណ៍ ស្របតាមគោលបំណងរបស់ប្រទេសទាំងពីរ។
លោកជំទាវបានគូសបញ្ជាក់ថា ផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនេះ ឥឡូវបានឈានដល់ការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងមន្ទីរទេសចរណ៍ខេត្តកោះកុង ជាមួយ មន្ទីរវប្បធម៌ និង ទេសចរណ៍ ខេត្តជាលីនដើម្បីបង្កើនចំណេះដឹងផ្នែកធនធានមនុស្សលើវិស័យទេសចរណ៍ឲ្យរីកចម្រើន ក្នុងគោលដៅផ្លាស់ប្តូរមុខមាត់ខេត្តកោះកុង ឲ្យយក្លាយទៅជាខេត្តទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។