រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​ជួប​សហប្រធាន​ក្រុមប្រឹក្សា​ភិបាល​អង្គការ​អន្តរជាតិ​ឬស្សី​ ​និង​ផ្តៅ​របស់​ចិន​

​កាលពី​រសៀល​ថ្ងៃម្សិលមិញ​ ​នៅ​ទី​ស្តី​ការក្រ​សួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​វេង​ ​សា​ខុន​ ​បាន​ទទួល​ជួប​លោកជំទាវ​ ​សាស្ត្រា​ចារ្យ​ ​Jiang​ ​Zehui​ ​សហប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​គណៈ​អភិបាល​របស់​អង្គការ​អន្តរជាតិ​ឫស្សី​ ​និង​ផ្តៅ​ ​(​INBAR​)​ ​ឯកឧត្តម​ ​Wang​ ​Wentian​ ​ឯកអគ្គ​រដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​សហការី​ដើម្បី​ពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិ​ការ​រវាង​អង្គការ​ ​INBAR​ ​និង​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​។​

​មាន​មតិ​ស្វាគមន៍​ ​តាមរយៈ​លោកជំទាវ​ ​សាស្ត្រា​ចារ្យ​ ​និង​ឯកឧត្តម​ឯកអគ្គ​រដ្ឋទូត​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូនចំពោះ​ប្រជាជន​ ​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​តែងតែ​ផ្តល់​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ពេញលេញ​ ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។​ ​លោក​ក៏បាន​ជម្រាប​ជូន​ភ្ញៀវ​អំពី​វឌ្ឍនភាព​ដែល​សម្រេច​បាន​ពីថ្ងៃម្សិល​មិញ​ ​ដោយ​លោក​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ចូលរួម​ការពារ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ​ការ​អនុម័ត​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការបង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី​ ​និង​ផ្តៅ​នៅចំពោះមុខ​ប្រធាន​គណៈកម្មការ​ទី៣​ ​និង​ទី៥​ ​នៃ​រដ្ឋសភា​ ​ហើយ​វត្តមាន​របស់​លោកជំទាវ​ ​ឯកឧត្តម​ឯកអគ្គ​រដ្ឋទូត​ ​និង​សហការី​នា​ថ្ងៃនេះ​បាន​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ភាគី​ទាំងពីរ​ថែម​មួយ​កម្រិត​ទៀត​ ​និង​បញ្ជាក់​អំពី​ការ​យកចិត្ត​ទុកដាក់​មក​លើ​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ ​និង​អភិរក្ស​វិស័យ​ព្រៃឈើ​ ​ពោល​គឺ​ផល​ព្រៃឈើ​ឫស្សី​ ​និង​ផ្តៅ​នេះ​តែម្តង​។​ ​មួយវិញទៀត​ ​ក្រោម​ការគ្រប់គ្រង​របស់ក្រ​សួង​ ​បច្ចុប្បន្ន​មាន​សហគមន៍​ព្រៃឈើ​ចំនួន​ ​៦១៤សហគមន៍​ ​លើ​ផ្ទៃដី​ជាង​ ​៥០០ពាន់​ហត​ ​ដែល​លោក​ជឿជាក់​ថា​សហគមន៍​ទាំងអស់​នោះ​នឹងអាច​ទទួល​បានការ​គាំទ្រ​ ​និង​ផលប្រយោជន៍​ជាច្រើន​ពី​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ល្អ​នេះ​ផង​ដែរ​។​

​នា​ឱកាស​នេះ​ ​លោកជំទាវ​ ​សាស្ត្រា​ចារ្យ​បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ ​និង​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​និង​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ដែល​បាន​ផ្តល់​ការ​គាំទ្រ​ ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការសម្រេច​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ចូល​ជា​ប្រទេស​សមាជិក​ពេញ​សិទ្ធ​ទី៤៦​ ​ក្នុង​អង្គការ​ ​INBAR​ ​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​តាមរយៈ​ការ​បង្កើន​គំ​រប​ព្រៃឈើ​ ​បរិស្ថាន​បៃតង​ ​ការបង្កើត​ការងារ​ ​ប្រាក់ចំណូល​ ​និង​កម្រិតជីវភាព​របស់​ប្រជាជន​ ​និង​សហគមន៍​។​ ​លោកជំទាវ​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ​កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​សក្តា​នុ​ពល​ ​និង​អំណោយផល​ទាំង​ធនធាន​ដី​ ​និង​អាកាសធាតុ​សម្រាប់​ការ​ដាំដុះ​ឫស្សី​ ​ស្រប​ជាមួយ​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ល្អ​ ​និង​ស៊ីជម្រៅ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​តាមរយៈ​គោលនយោបាយ​ខ្សែក្រវាត់​មួយ​ ​ផ្លូវ​មួយ​ ​លោកជំទាវ​ជឿជាក់​ថា​ ​អង្គការ​ ​INBAR​ ​នឹង​មានលទ្ធភាព​ច្រើន​ក្នុង​ការ​ជួយឧបត្ថម្ភ​ ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ព្រៃឈើ​នៅ​កម្ពុជា​។​ ​ទន្ទឹម​នឹង​នេះ​ ​លោកជំទាវ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ភាគី​ទាំងពីរ​នឹងអាច​ឈានឡើង​ថែម​មួយ​កម្រិត​ទៀត​សំដៅ​ទៅលើ​ការ​អភិវឌ្ឍ​រុក្ខជាតិ​ផ្កា​នៅ​កម្ពុជា​ ​ដែល​ប្រទេស​ចិន​មាន​សក្តា​នុ​ពល​ខ្ពស់​ ​ទាំង​បច្ចេកទេស​នៃ​ការ​ដាំដុះ​ ​និង​ទីផ្សារ​។​

​ជា​ការ​ឆ្លើយតប​ ​ឯកឧត្តម​រដ្ឋមន្ត្រី​គាំទ្រ​ចំពោះ​ការ​លើកឡើង​របស់​លោកជំទាវ​ ​ជាពិសេស​លើ​ការ​ពង្រឹង​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ទាំង​លើ​ការ​អភិវឌ្ឍ​ឫស្សី​ ​ផ្តៅ​ ​និង​រុក្ខជាតិ​ផ្កា​នេះ​តែម្តង​ ​ហើយ​បញ្ជាក់​ថា​ ​ក្រសួង​ស្វាគមន៍​ ​និង​ផ្តល់​កិច្ចសហការ​ឲ្យអស់​លទ្ធភាព​ ​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​ ​សហគមន៍​ព្រៃឈើ​ ​និង​ទីផ្សារ​ទាំងមូល​។​ ​តាមរយៈ​លោកជំទាវ​ ​និង​ឯកឧត្តម​ឯកអគ្គ​រដ្ឋទូត​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្នើ​ដល់​ភាគី​ចិន​ ​ពិនិត្យ​ ​និង​ពិចារណា​ផ្តល់​ការ​គាំទ្រ​ដល់​ការបង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​ ​និង​ពិសោធន៍​ពូជ​ឫស្សី​ ​និង​ជាពិសេស​ពូជ​រុក្ខជាតិ​ផ្កា​ ​រួម​ជាមួយ​ការរៀបចំ​គម្រោង​សួនច្បារ​គំរូ​មិត្តភាព​ ​កម្ពុជា​-​ចិន​ ​ដើម្បី​អភិវឌ្ឍន៍​វិស័យ​ព្រៃឈើ​ ​និង​អាចប​ង្កើត​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close