សម្ដេច​តេជោ​ ​អរគុណ​បងប្អូន​ជនរួមជាតិ​ដែល​បាន​រៀបចំ​នំបញ្ចុក​ ​ហូប​រួមគ្នា​ ​ដើម្បី​បង្ហាញ​ពី​ការ​ឯកភាពជាតិ​កាន់តែ​រឹងមាំ​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ​ដែល​បាន​រៀបចំ​នំបញ្ចុក​ហូប​រួមគ្នា​ ​ដើម្បី​បង្ហាញ​ពី​ការ​ឯកភាពជាតិ​កាន់តែ​រឹងមាំ​ថែមទៀត​។​

​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុ​ក​ ​សម្ដេច​តេជោ​បាន​សរសេរ​ថា​ ​“​សូម​បងប្អូន​ជនរួមជាតិ​ហូប​នំបញ្ចុក​ឱ្យ​បាន​ឆ្ងាញ់​នៅក្នុង​ថ្ងៃសម្រាក​ ​ចុង​សប្តាហ៍​ ​និង​អរគុណ​ដល់​បងប្អូន​ទាំងអស់គ្នា​ ​ដែល​បាន​រៀបចំ​នំបញ្ចុក​ហូប​រួមគ្នា​ដោយ​មិន​ប្រកាន់​ក្រុម​ ​ប្រកាន់​ជំនឿ​សាសនា​ ​ឬ​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ​”​។​ ​សម្ដេច​ ​តេជោ​បាន​លើកឡើង​ថា​ ​បងប្អូន​ហូប​នំបញ្ចុក​ថ្ងៃនេះ​ ​គឺ​បាន​បង្ហាញ​ពី​មិត្តភាព​ ​សាមគ្គីភាព​ ​ការ​ស្រឡាញ់​រាប់អាន​ ​និង​ឯកភាពជាតិ​យើង​កាន់តែ​រឹងមាំ​ថែមទៀត​។​ ​សូមជូនពរ​បងប្អូន​ជនរួមជាតិ​ជួប​តែ​សេចក្តី​សុខ​ ​និង​សំណាង​ល្អ​គ្រប់​ៗ​គ្នា​។​

​គួរ​រម្លឹក​ដែរ​ថា​ ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ ​ជូន​និស្សិត​សាកល​វិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​ ​ ​ ​កាលពី​ព្រឹក​ថ្ងៃទី០៦​ ​ខែមិថុនា​ ​ឆ្នាំ២០១៩កន្លងទៅ​នេះ​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ​បាន​អំពាវ​ ​នាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ ​ហូប​នំបញ្ចុក​ទាំងអស់គ្នា​ ​នៅ​ថ្ងៃទី០៩​ ​ខែមិថុនា​នេះ​ ​ដោយ​សម្ដេច​តេជោ​ ​បាន​គូសបញ្ជាក់​ថា​ ​នំបញ្ចុក​ជា​អត្តសញ្ញាណ​របស់​ជាតិ​ ​មិនមែន​ជា​របស់​ ​បក្សនយោបាយ​ណាមួយ​នោះ​ទេ​ ​ដូច្នេះ​កុំ​យកនំ​បញ្ចុក​ ​ធ្វើជា​បញ្ហា​នយោបាយ​ឱ្យ​សោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close