សំណុំរឿងឆបោកអនឡាញ ៖ ២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងបណ្ដេញជនបរទេសជាង ២ម៉ឺននាក់

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបានលទ្ធផលយ៉ាងធំធេងក្នុងយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ទូទាំងប្រទេស រយៈពេល ១ឆ្នាំ (ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦) ដោយបានកសាង និងបញ្ជូនសំណុំរឿងទៅកាន់តុលាការសរុបចំនួន ២៦៨ សំណុំរឿង និងមានជនសង្ស័យពាក់ព័ន្ធជិត ៣ពាន់នាក់។
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) បានបញ្ជាក់នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្រថា ក្នុងរយៈពេល ១ឆ្នាំ សំណុំរឿងចំនួន ២៦៨ករណី ពាក់ព័ន្ធជនសង្ស័យសរុប ២,៧៧៣ នាក់ ត្រូវបានបញ្ជូនទៅតុលាការ។ ក្នុងនោះ មានជនសង្ស័យចំនួន ២,២០០ នាក់ (ស្ត្រី ៣៥៣ នាក់) កំពុងស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្ន រួមមានជនជាតិខ្មែរចំនួន ៣១៣ នាក់។ ក្នុងនោះសមត្ថកិច្ចបានស្រាវជ្រាវ និងបង្ក្រាបទីតាំងល្មើសសរុប ៦៦៥ ទីតាំង (ទីតាំងប្រព្រឹត្តបទល្មើស ៥៨២ និងទីតាំងជម្រកលាក់ខ្លួន ៨៣) ដោយបានបិទសៀលមិនឱ្យមានសកម្មភាពបន្តចំនួន ៥៣៧ ទីតាំង។
តាមរយៈការត្រួតពិនិត្យកាស៊ីណូដែលមានអាជ្ញាបណ្ណចំនួន ១៩៥ ទីតាំង សមត្ថកិច្ចបានឈានទៅ ដកហូតអាជ្ញាបណ្ណចំនួន ១៩ និងព្យួរអាជ្ញាបណ្ណចំនួន ៣០ ដែលពាក់ព័ន្ធនឹងសកម្មភាពឆបោក ខណៈកាស៊ីណូចំនួន ២៣ ផ្សេងទៀតបានផុតសុពលភាព។
អាជ្ញាធរកម្ពុជាបានអនុវត្តនីតិវិធីបណ្ដេញជនបរទេសចេញពីកម្ពុជាសរុប ២១,១០២ នាក់ (មាន ៣៨ សញ្ជាតិ) ដែលភាគច្រើនជាជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី ថៃ និងបង់ក្លាដេស។
ក្នុងក្របខណ្ឌប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែននេះ កម្ពុជាបានពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាមិត្ត ដូចជា ចិន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី បណ្តាប្រទេសអាស៊ាន ព្រមទាំងអង្គការអន្តរជាតិសំខាន់ៗដូចជា INTERPOL, UNODC និងមជ្ឈមណ្ឌល lMLECC។
បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានបើកចំហឱ្យសារព័ត៌មានជាតិ និងអន្តរជាតិ ចុះយកព័ត៌មានដល់ទីតាំងបង្ក្រាបផ្ទាល់ ដើម្បីបង្ហាញពីភាពស្មោះត្រង់ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់បទល្មើសនេះ។
ដើម្បីទប់ស្កាត់មិនឱ្យបទល្មើសនេះកើតឡើងវិញ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចាប់តាំងពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។ ផ្អែកតាមច្បាប់ថ្មីនេះ ជនល្មើសនឹងត្រូវប្រឈមមុខនឹងទោសទណ្ឌយ៉ាងធ្ងន់ធ្ងរ រហូតដល់ ដាក់ពន្ធនាគារមួយជីវិត ពិន័យជាប្រាក់រហូតដល់ ១,០០០ លានរៀល និងត្រូវរឹបអូសទ្រព្យសម្បត្តិផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។