ករណីមន្រ្តីក្រសួងបរិស្ថានលោតពីលើអគារក្រសួង អ្នកនាំពាក្យថា មន្រ្តីរូបនោះមានជំងឺប្រចាំកាយ
បើតាមការបញ្ជាក់របស់មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានឲ្យដឹងថា នៅព្រឹកថ្ងៃទី១០ មិថុនា ម្សិលមិញ មន្ត្រីបម្រើការងារក្នុងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថានឈ្មោះ អោម សេងហួរ អាយុប្រមាណជាង ៣០ ឆ្នាំបានធ្វើអត្តឃាតដោយលោតពីលើអគារទីស្តីការក្រសួងបរិស្ថាន។
លោក នេត្រ ភក្រ្តា មន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា ក្រោយពីទទួលបានដំណឹងពីការធ្វើអត្តឃាតនេះ ក្រុមមន្ត្រីនគរបាលជំនាញដោយសហការជាមួយមន្ត្រីក្រសួងបរិស្ថានបានធ្វើកោសល្យវិច័យលើ សាកសពនិងបញ្ជាក់ថាលោក អោម សេងហួរ ពិតជាបានធ្វើ អត្តឃាតដោយលោតពីលើអគារទីស្តីការក្រសួងបរិស្ថានមែន ដោយបញ្ហាបុគ្គលព្រោះបើតាមប្រភពស្និទ្ធិ លោក អោម សេងហួរ មានជំងឺប្រចាំកាយ។
លោក នេត្រ ភក្ត្រា បានថ្លែងថាលោក អោម សេងហួរ ជាមន្ត្រី មានសមត្ថភាព និងមានចរិតស្លូតបូត។ នេះគឺជាការបាត់បង់ ធនធានមនុស្សមួយរូប។ ចំពោះដំណឹងដ៏តក់ស្លុតនេះ លោក នេត្រ ភក្ត្រា បានថ្លែងថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង បរិស្ថានទាំងអស់សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព និងសូមបួងសួងវិញ្ញាណក្ខន្ធលោក អោម សេងហួរ បានទៅកាន់សុគតិភព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។