ផែង​ ​វណ្ណៈ​ ​សម្រេច​សរសេរ​លិខិត​សុំទោស​សម្តេច​តេជោ​

​ទីបំផុត​ទៅ​ ​លោក​ ​ផែង​ ​វណ្ណៈ​ ​ដែល​ជា​អ្នកមាន​វោហា​លើ​បណ្តាញ​សង្គម​ ​និង​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធ​នាគា​រម១​ ​បាន​ផ្ញើ​លិខិត​ទៅ​សម្តេច​ ​ហ៊ុន​ ​សែន​ ​កាលពី​ថ្ងៃទី១១​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ដើម្បី​សុំ​ការ​អភ័យទោស​ពី​សម្តេច​ ​ដើម្បី​ជួយ​ឱ្យ​លោក​ឆាប់​បាន​ចេញពី​ពន្ធនាគារ​ ​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​ ​និង​បន្ត​ព្យាបាល​ជំងឺ​ប្រចាំ​កាយ​។​

ក្នុង​លិខិត​នេះ​ ​លោក​ ​ផែង​ ​វណ្ណៈ​ ​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖​ ​«​ខ្ញុំបាទ​មានការ​សោក​ស្តាយ​ជា​ពន់ពេក​នូវ​កំហុសឆ្គង​របស់ខ្ញុំ​បាទ​នា​ពេល​កន្លងមក​ ​និង​សុំ​ការ​ខន្តី​អភ័យទោស​ពី​សម្តេច​តេជោ​ ​នូវ​អ្វី​ដែល​ខ្ញុំបាទ​បាន​សរសេរ​ព័ត៌មាន​ប្រៀបធៀប​មិន​សមរម្យ​ ​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​នោះ​។​ ​ទង្វើ​ដ៏​ឆ្គាំឆ្គង​នេះ​ ​កើតឡើង​ដោយសារ​ខ្ញុំ​មានការ​ភ្លេចខ្លួន​ ​មាន​អារម្មណ៍​ឆេវឆាវ​ ​ខ្វះ​ការពិចារណា​ ​ច្រឡោត​ ​ខឹងសម្បា​ ​ទៅលើ​អ្នកលេង​ហ្វេ​សប៊ុ​ក​មួយចំនួន​ ​ដោយ​មិនបាន​គិតវែងឆ្ងាយ​ ​ជាហេតុ​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ដែល​ជា​ប្រមុខ​ដឹកនាំ​ដ៏​ល្អប្រពៃ​នៃ​ប្រជាជន​កម្ពុជា​»​។​

​ជាមួយគ្នា​នេះ​ ​លោក​ ​ផែង​ ​វណ្ណៈ​ ​ក៏បាន​សន្យា​ដែរ​ថា​ ​នឹង​ធ្វើការ​កែប្រែ​អត្តចរិត​ ​ពាក្យ​សម្តី​របស់​ខ្លួន​ ​និង​មិន​ឱ្យ​មាន​បញ្ហា​ទាំងនេះ​កើតឡើង​ជាថ្មី​ម្តង​ទៀត​ឡើយ​។​

​សូម​រំលឹក​ថា​ ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បានសម្រេច​ឃុំខ្លួន​លោក​ ​ផែង​ ​វណ្ណៈ​ ​ជា​បណ្តោះអាសន្ន​ ​នៅក្នុង​ពន្ធនាគារ​ ​(​មណ្ឌល​អប់រំ​កែប្រែ​ទី១​ ​(​ម១​)​)​។​ ​លោក​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការពិនិត្យ​ពី​បទ​៖​ ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ​និង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ ​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ ​តាមរយៈ​ទំព័រ​ហ្វេ​សប៊ុ​ក​ ​ដែល​មានឈ្មោះ​ ​Pheng​ ​Vannak​ ​News​ ​កាលពី​ថ្ងៃទី២៩​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​បទល្មើស​ដែល​មាន​បទបញ្ញត្តិ​ឱ្យ​ផ្តន្ទា​ទោស​តាម​មាត្រា​ ​៤៩៤​ ​មាត្រា​ ​៤៩៥​ ​និង​មាត្រា​ ​៣០៥​ ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close