សមត្ថកិច្ចចាប់ជនជាតិចិន២៨នាក់នៅខណ្ឌដូនពេញ រឿងចូលមកស្នាក់នៅ និងធ្វើការខុសច្បាប់
ជនជាតិចិនចំនួន២៨នាក់ ត្រូវបានក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១២ មិថុនា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការលួចឆ្លងដែនចូលមកស្នាក់នៅ គ្មានលិខិតឆ្លងដែន និងធ្វើការដោយខុសច្បាប់នៅកម្ពុជា។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការដែលធ្វើឡើងនៅថ្ងៃម្សិលមិញ គឺកម្លាំងជំនាញរបស់លោក សហការជាមួយស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យការដ្ឋានសំណង់ នៅតាមបណ្តោយផ្លូវស៊ីសុវត្ថិ កែងផ្លូវលេខ១០០ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
កម្លាំងជំនាញបានត្រួតពិនិត្យឃើញកម្មករ ចំនួន៤០នាក់ ស្រី៥នាក់ ក្នុងនោះមានជនបរទេស ជាជនជាតិចិនចំនួន២៨នាក់ សង្ស័យលួចឆ្លងដែនចូលមកស្នាក់នៅ គ្មានលិខិតឆ្លងដែន និងធ្វើការដោយខុសច្បាប់។
ជាលទ្ធផល នៃការសាកសួរ ជនជាតិចិនទាំង២៨នាក់ មានចំនួន១៩នាក់ មានលិខិតឆ្លងដែន (គ្មានប័ណ្ណការងារ) និងជនជាតិចិនចំនួន៩នាក់ មិនមានលិខិតឆ្លងដែន។
បច្ចុប្បន្នជនជាតិចិនចំនួន៩នាក់ (គ្មានលិខិតឆ្លងដែន) ត្រូវបានយកមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងដកហូតលិខិតឆ្លងដែន ចំនួន១៩ក្បាល គ្មានប័ណ្ណការងារ ដើម្បីចាត់ការបន្ដតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។