ក្រុមជើងឯកលីគក្នុងសាលថ្នាក់ជាតិ Down Town ចេញដំណើរទៅប្រកួត AFF Futsal នៅប្រទេសថៃ
ក្រុមដោនថោនស្ព័ត (Down Town Sport) ដែលជាក្រុមជើងឯកលីគក្នុងសាលថ្នាក់ជាតិកម្ពុជា ប្រចាំឆ្នាំ២០១៨ បានចេញដំណើរហើយ កាលពីព្រឹកថ្ងៃអាទិត្យ ទី១៦ ខែ មិថុនា ឆ្នាំ២០១៩ ទៅកាន់ប្រទេសថៃ ដើម្បីចូលរួមប្រកួត នៅក្នុងព្រឹត្តិការណ៍កីឡា បាល់ទាត់ក្នុងសាលអន្តរ ជាតិថ្នាក់អាស៊ាន AFF Futsal Club Championship 2019 ដែលនឹងត្រូវដំណើរការប្រកួតជា ផ្លូវការពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែមិថុនា នៅខេត្ត Nakhon Ratchasima ប្រទេសថៃ។
ក្រុម Down Town ស្ថិតនៅក្នុងពូល B ជាមួយក្រុម Myanmar Imperial University FC របស់មីយ៉ាន់ម៉ា និង Melaka United របស់ម៉ាឡេស៊ី ខណៈពូល A មាន៖ PTT Chonburi Bluewave របស់ថៃ, Sanvinest Sanatech Khanh Hoa វៀតណាម និង Black Steel Manokwari របស់ឥណ្ឌូណេស៊ី។
លោក ហ៊ុល សុភ័ក្រ អ្នកដឹកនាំក្រុម Down Town គូសបញ្ជាក់ថា ក្រុមរបស់លោកបាន ត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ថ្នាក់អាស៊ានមួយនេះ បើទោះបី ជា Down Town ត្រូវជួបជាមួយក្រុមខ្លាំងៗ ក្នុងពូលB ហើយទោះលទ្ធផលបែបណាក៏ដោយ ក៏លោកសន្យាថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងស្នើសុំឱ្យអ្នកគាំទ្រកម្ពុជានានាទាំងអស់មេត្តាផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់ក្រុម Down Town ដែលតំណាងឱ្យព្រះរាជា ណាចក្រកម្ពុជា នៅក្នុងព្រឹត្តិការណ៍នេះ។ លោកអះអាងថា នៅក្នុងការហ្វឹកហាត់ត្រៀម កន្លង មក គឺលោកបានរៀបចំកម្មវិធីឱ្យកីឡាករក្លិបទាំងមូលបានហ្វឹកហាត់យ៉ាងខ្លាំងក្លា ជារៀងរាល់ ថ្ងៃមុនពេលចេញ ដំណើរនាពេលនេះ។ លោកបានបន្ថែមថា “ខ្ញុំ ក៏ដូចជាកីឡាករទាំងអស់ពិតជាមានមោទនភាពជាតិខ្លាំងបំផុត ដែលបានចេញទៅ ប្រកួតតំណាងឱ្យកម្ពុជា នៅក្នុងព្រឹត្តិការណ៍ ហើយយើងខ្ញុំនឹងខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីប្រជែងយកនូវលទ្ធ ផលដ៏ល្អមួយយកមកជូនជាតិមាតុភូមិរបស់ខ្លួន”។
លោកបន្ថែមថា ក្រុមឧបសគ្គធំសម្រាប់ក្រុម Down Town គឺក្រុម Myanmar Imperial University FC របស់មីយ៉ាន់ម៉ា និង Melaka United របស់ម៉ាឡេស៊ី ដែលក្រុមទាំងពីរនេះសុទ្ធសឹងជាក្រុមខ្លាំងៗ និងតែងតែឧស្សាហ៍ឈ្នះពាននេះរៀងរាល់ឆ្នាំ។ លោកលើកឡើង ទៀតថា ការចេញដំណើរទៅប្រកួតលើកនេះក្លិបគ្រោងចំណាយប្រមាណ២ម៉ឺនដុល្លារ ដែលជាថវិការបស់ក្លិប ក្រោមការជួយទំនុកបម្រុងឧបត្ថម្ភតិចតួចដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។