ក្រសួងការពារជាតិ នឹងប្រារព្ធខួប៤២ឆ្នាំ នៃទិវាចងចាំនូវដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត នៅថ្ងៃស្អែក
នៅថ្ងៃទី២០ មិថុនា ស្អែកនេះ ក្រសួងការពារជាតិ នឹងរៀបចំប្រារព្ធធ្វើខួប៤២ឆ្នាំ (២០មិថុនា ១៩៧៧-២០មិថុនា២០១៩) នៃទិវាចងចាំនូវដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត នៅតំបន់កោះថ្ម ឃុំទន្លួង ស្រុកមេមុត ខេត្តត្បូងឃ្មុំ ក្រោមអធិបតី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមាន ឈ្នះ ឈ្នះ បានឲ្យដឹងថា ការដែលក្រសួងការពារជាតិប្រារព្ឋខួប៤២ ឆ្នាំ នៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាស្រ្តពត់ពតនេះ គឺដើម្បីបញ្ជាក់អារម្មណ៍ និងប្រាប់ដល់ក្មេងៗជំនាន់ក្រោយឲ្យចងចាំនូវព្រឹត្តិការណ៍ដ៏ប្រវត្តិសាស្រ្តមួយនេះ។ ដោយមិនអាចបំភ្លេចបាននោះឡើយខណៈព្រឹត្តិការណ៍នេះត្រូវបានសមមិត្តហ៊ុន សែន និងដៃគូដ៏ទុកចិត្ត ផ្សេងទៀតបានយកជីវិតធ្វើដើមទុនដើម្បីសុខសន្តិភាពប្រទេសជាតិទាំងមូលនោះ។
យោងតាមឯកសារដែលបានចងក្រងដោយក្រុមការងារសាងសង់វិមាន ឈ្នះ ឈ្នះ បានឲ្យដឹងថា កាលពីជាង៤០ឆ្នាំមុន សមមិត្តហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួនបួន នាក់ផ្សេងទៀតគឺ មានសមមិត្តនុច ថន សមមិត្ត ញឹក ហួន សមមិត្តសាន សាញ់ និងសមមិត្ត វ៉ាប៉ោអ៊ាន បានចាប់ផ្តើមធ្វើដំណើរនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧នៅតំបន់កោះថ្ម ឃុំទន្លួង ស្រុកមេមត់ ខេត្តកំពង់ចាម(បច្ចុប្បន្នត្បូងឃ្មុំ) ដើម្បីស្នើរសុំកម្លាំងភាគីវៀតណាមឲ្យមកជួយរំដោះប្រទេសជាតិខ្មែរទាំងមូលឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត។
តាមឯកសារបានបញ្ជាក់ឲ្យដឹងទៀតថា សមមិត្តហ៊ុន សែននិងសមមិត្តដទៃទៀត បាន ធ្វើដំណើរជាមួយនិងកាំភ្លើងបីដើម គ្រាប់បែកពីរគ្រាប់ និងកាំបិតខ្វែវមួយដើម ហើយការ សម្រេចចិត្តរបស់សមមិត្តទាំងអស់នេះគឺជាការចាក់ចេញដោយការឈឺចាប់ តែទឹកចិត្តមុះមុត ដោយសម្រេចចិត្តយកជីវិតធ្វើដើមទុន ដើម្បីធ្វើការតស៊ូផ្តូលរំលំរបបប្រល័យពូជាសាសន៍ដ៏សាហាវយ៉ងឃ្នង់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។