សង្កាត់កោះរ៉ុង នៃខេត្តព្រះសីហនុ ត្រូវប្រកាសជាក្រុងកោះរ៉ុង
(ព្រះសីហនុ)៖ ភូមិសាស្ត្រកោះរ៉ុង ដែលពីមុនគឺជាសង្កាត់កោះរ៉ុង ពេលនេះត្រូវបានបង្កើតទៅជារដ្ឋបាលក្រុងកោះរ៉ុងជាផ្លូវការហើយ ដោយស្ថិតនៅចំណុះឱ្យរដ្ឋបាលខេត្តព្រះសីហនុ។
មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា ការបង្កើតរដ្ឋបាលក្រុងកោះរ៉ុងនេះឡើង គឺស្របតាមស្ថានភាពភូមិសាស្ត្រ និងការវិវត្តន៍រីកចម្រើន របស់ខេត្តព្រះសីហនុ និងជាពិសេសស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
ពិធីប្រកាសរដ្ឋបាលក្រុងកោះរ៉ុង បានរៀបចំឡើង កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩។ ហើយ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរដ្ឋបាលក្រុងកោះរ៉ុង ជាមួយការប្រកាសតែងតាំងអភិបាល -អភិបាលរងក្រុងកោះរ៉ុង និងប្រកាសទទួលស្គាល់ក្រុមប្រឹក្សាក្រុងកោះរ៉ុងថែមទៀតផង។
សូមបញ្ជាក់ថា លោក នួន ប៊ុនថុល អតីតនាយកទីចាត់ការអន្តរវិស័យសាលាខេត្តព្រះសីហនុ ត្រូវបានតែងតាំងជាអភិបាលក្រុងកោះរ៉ុង និងលោកអួង និត អតីតចៅសង្កាត់កោះរ៉ុង ត្រូវបានប្រកាសជាប្រធានក្រុមប្រឹក្សាក្រុងកោះរ៉ុង។
មន្រ្តីរដ្ឋបាលសាលាខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រុងកោះរ៉ុង មាន ២សង្កាត់ គឺសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។