អភិបាលរាជធានីភ្នំពេញ ប្រកាសវះកាត់មន្រ្តីណា ដែលកាងពីក្រោយបទល្មើសល្បែងស៊ីសង នៅតាមមូលដ្ឋាន
ក្នុងពិធីដាក់ឲ្យដំណើរការរដ្ឋបាលខណ្ឌបឹងកេងកង កាលពីរសៀលថ្ងៃទី២០ មិថុនា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានប្រកាសធ្វើការវះកាត់មន្រ្តីណា ដែលកាងពីក្រោយបទល្មើសល្បែងស៊ីសងនៅមូលដ្ឋាន ដើម្បីព្រមានទប់ស្កាត់កុំឲ្យបទល្មើសប្រភេទនេះ នៅរាជធានីភ្នំពេញកើតឡើងតទៅទៀត។
ជាមួយគ្នាលោក ឃួង ស្រេង បានណែនាំដល់មន្រ្តីក្រោមឱវាទ និងតាមមូលដ្ឋានទំាងអស់ ត្រូវបញ្ឈប់ជាបន្ទាន់ពីការទទួលសំណូករបស់ជនខិលខូចមួយចំនួន ដើម្បីបើកឱកាសឲ្យមានសកម្មភាពប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បើពុំដូច្នេះទេនឹងត្រូវវះកាត់អស់បុណ្យសក្តិជាមិនខាន។
លោក ឃួង ស្រេង បានថ្លែងថា «ល្បែងស៊ីសងខុសច្បាប់សណ្តាប់ធ្នាប់សាធារណៈ កុំប៉ះពាល់លុយគេឲ្យសោះ បើប៉ះពាល់លុយគេ ដោះមិនចេញទេ អនុវត្តន៍មិចចេញ។ បើឯងយកលុយគេហើយ អាលូវអាចឹងៗៗ បែបប៉ះពាល់ដល់ការងាររបស់ខ្លួនហើយ ខ្ញុំនឹងតម្រឹមរឿងហ្នឹង បើប៉ះពាល់លុយគេចឹងទៀត ខ្ញុំត្រូវសារ៉េចេញ ចូលអភិក្រមចុងក្រោយ គឺវះកាត់ចេញ» ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។