ជំងឺគ្រុនឈាមកំពុងផ្ទុះឡើងខ្លាំង ក្រសួងអប់រំចេញវិធានការបង្ការ៣ចំណុចដល់គ្រប់គ្រឹះស្ថាន ដើម្បីការពារ
ខណៈដែលជំងឺគ្រុនឈាមកំពុងផ្ទុះឡើងខ្លាំងនៅកម្ពុជានោះ នៅថ្ងៃទី២១ ខែមិថុនានេះ ក្រសួងអប់រំយុវជន និងកីឡា បានចេញសេចក្តីណែនាំទៅដល់គ្រប់គ្រឹះស្ថានសិក្សា ពីវិធានការបង្ការ និងការពារជំងឺគ្រុនឈាមនេះ។
វិធានការដែលក្រសួងអប់រំបានដាក់ទៅដល់គ្រប់គ្រឹះស្ថានសិក្សាគ្រប់រាជធានីខេត្តនោះ រួមមានត្រូវបំបាត់ជម្រកមូស ដោយត្រូវលុបថ្លុកដែលដក់ទឹក និងកាប់ឆ្កាព្រៃនៅជុំវិញគ្រឹះស្ថានសិក្សាជាដើម, ត្រូវការពារខ្លួនកុំឲ្យមូសខាំ ដោយស្លៀកសំលៀកបំពាក់អាវដៃវែង ខោជើងវែង កុំលេងកន្លែងងងឹត និងនៅក្បែរព្រៃ និងបើកទ្វារបង្គួចឲ្យមានពន្លឺចេញចូលគ្រប់គ្រាន់ ហើយករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋ ដែលនៅជិតបំផុត និងជាបន្ទាន់ ដោយមិនឲ្យយឺតជាង៧២ម៉ោងបន្ទាប់ពីក្តៅខ្លួន។
ជាមួយគ្នានេះ ក្រសួងអប់រំ ក៏បានរំលឹកដែរថា ជំងឺគ្រុនឈាមអាចសម្លាប់អ្នកជំងឺបានគ្រប់ពេល ដូច្នេះត្រូវទៅទទួលការព្យាបាលនៅសេវារដ្ឋឲ្យបានទាន់ពេលវេលា និងត្រូវជៀសវាងការទៅព្យាបាលនៅសេវាឯកជន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។