មកទល់​ព្រឹក​ថ្ងៃទី២៣​ ​មិថុនា​ ​នេះ​ ​អ្នក​ស្លាប់​ដោយសារ​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ​ ​ឡើង​ដល់១៧នាក់​ ​និង​របួស២៤នាក់​

រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ​បាន​ឲ្យដឹង​ថា​ ​គិត​ត្រឹម​វេលា​ម៉ោង​ ​៨​:​០០នាទី​ព្រឹក​ ​ថ្ងៃទី២៣​ ​ខែមិថុនា​ ​ឆ្នាំ២០១៩នេះ​ ​ចំនួន​ជនរងគ្រោះ​ដែល​ក្រុមការងារ​បាន​ជួយ​សង្រ្គោះ​ ​និង​យកចេញ​ពី​គំនរ​បាក់បែក​នៃ​អគារ​រលំ​គឺ​ស្លាប់​ចំនួន​ ​១៧នាក់​ ​ស្រី០៤នាក់​ ​និង​រង​របួស​ចំនួន​ ​២៤នាក់​ ​ស្រី០២នាក់​។​ ​ក្នុង​នោះ​ក្រុម​គ្រួសារ​សព​បាន​បំពេញ​ឯកសារ​ទទួល​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ​បាន​ចំនួន៩សព​។​

​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បញ្ជាក់​ថា​ ​សកម្មភាព​ជួយសង្គ្រោះ​ជនរងគ្រោះ​ ​អាជ្ញាធរ​នឹង​នៅតែ​បន្ត​សង្រ្គោះ​ ​រហូតដល់​យក​ជនរងគ្រោះ​ចេញ​អស់ពី​ក្រោម​គំនរ​បាក់បែក​នៃ​អគារ​បាក់​រលំ​។​

​តាម​ការ​បញ្ជាក់​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ​មកដល់​បច្ចុប្បន្ន​នេះ​ ​គំនរ​បែកបាក់​ត្រូវ​បាន​ក្រុមការងារ​ជួយ​សង្រ្គោះ​ធ្វើការ​កាយ​ចេញ​បាន​ចំនួន​ប្រមាណ៤០ភាគរយ​ហើយ​។​

​ជាមួយគ្នា​នេះ​ ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ​ក៏បាន​ប្រកាស​ផង​ដែរ​ ​បើ​បងប្អូន​បាត់​បងប្អូន​សាច់ញាតិ​ដោយ​សង្ស័យ​ថា​មាន​គ្រោះថ្នាក់​ក្នុង​ឧបទ្ទវហេតុ​នេះ​ ​សូម​ទំនាក់ទំនង​សាកសួរ​ព័ត៌មាន​តាមរយៈ​លេខទូរស័ព្ទ​៖​ ​០១៦៥២៦៥២០​,​ ​០១៦៣២១០១០​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close