រាជរដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​ ​ក្រោយ​កើត​ឧបទ្ទវហេតុ​រលំ​អគារ​កម្ពស់៧ជាន់​

​កាលពី​ថ្ងៃទី២៣​ ​មិថុនា​ ​ម្សិលមិញ​នេះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​ ​ដែលគេ​មើលឃើញ​ថា​ ​ការបង្កើត​នេះ​ ​គឺ​ក្រោយពី​មានហេតុ​ការណ៍​រលំ​អគារ​កម្ពស់៧ជាន់​ ​បណ្ដាលឲ្យមាន​មនុស្ស​ស្លាប់​ ​និង​របួស​ជាច្រើន​នាក់​។​

​គណៈកម្មការ​នេះ​មាន​ ​លោក​ ​ឡៅ​ ​ទិ​ព្ធ​សីហា​ ​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ជា​ប្រធាន​ ​ព្រមទាំង​មាន​សមាសភាព​ចូលរួម​ពី​មន្រ្តី​នៃ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ ​ក្រសួងបរិស្ថាន​ ​និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ផង​ដែរ​។​

​គណៈកម្មការ​នេះ​មាន​ភារកិច្ច​ ​ត្រួតពិនិត្យ​បទដ្ឋាន​បច្ចេកទេស​ ​បទដ្ឋាន​គតិយុត្តិ​ ​ស្តង់ដារ​សំណង់​ ​ស្តង់ដារ​សុវត្ថិភាព​ ​និង​គុណភាព​សំណង់​នៅ​តាម​ការដ្ឋាន​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​។​

​ជាមួយគ្នា​គណៈកម្មការ​ ​ក៏​នឹង​ត្រួតពិនិត្យ​លក្ខណៈ​សម្បត្តិ​របស់​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់​នៅ​តាម​ការដ្ឋាន​សំណង់​,​ ​ធ្វើ​បច្ចុប្បន្នភាព​សំណង់​អគារ​ដែល​បាន​សាងសង់​រួច​ ​និង​កំពុង​ធ្វើអាជីវកម្ម​។​

​គណៈកម្មការ​នេះ​ ​ក៏​ត្រូវ​ធ្វើ​របាយការណ៍​លទ្ធផល​ជូន​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ដើម្បី​បូកសរុប​រាយការណ៍​ជូន​រាជរដ្ឋាភិបាល​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close