សត្វផ្សោតសមុទ្រដ៏កម្រមួយក្បាលត្រូវពលរដ្ឋប្រទះឃើញងាប់នៅឆ្នេរសមុទ្រប៉ាក់ខ្លង
កោះកុង ៖ សពសត្វផ្សោតសមុទ្រ១ក្បាលដែលមានទម្ងន់ប្រហែលជា២០គីឡូក្រាម ត្រូវប្រជាពលរដ្ឋប្រទះឃើញអណ្តែកមកទើលើឆ្នេរសមុទ្រប៉ាក់ខ្លង នៃស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ។
បើតាមការលើកឡើងពីប្រជាពលរដ្ឋថា ផ្សោតដែលពួកគាត់បានប្រទះឃើញងាប់នោះ អាចបណ្តាលមកពីជាប់មងនេសាទ ឬខាំគ្នាផងក៏មិនដឹងព្រោះសភាពលើខ្លួនសត្វផ្សោតនោះមានស្នាមរបួសជាច្រើនកន្លែង ។
ពួកគាត់បានឲ្យដឹងទៀតថា បន្ទាប់ពីឃើញសពសត្វផ្សោតខាងលើពួកគាត់មិនបានរាយការណ៍ជូនសមត្ថកិច្ចនោះទេ ដោយពួកគាត់បានស្រុះស្រួលគ្នាយកទៅកប់ចោល ដោយសារមិនចង់ឲ្យមានក្លិនស្អុយដល់ភ្ញៀវទេសចរណ៍ដែលមកកំសាន្តនៅតំបន់រមនីយ៍ដ្ឋានឆ្នេរប៉ាក់ខ្លងនេះ ។
លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានឲ្យដឹងតាមទូរស័ព្ទថា កន្លងមកពុំមានសត្វផ្សោតសមុទ្រងាប់នោះទេ ហើយនេះជាលើកទី១ហើយសម្រាប់ខេត្តកោះកុង ហើយកន្លងមកខាងមន្ទីរក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ធ្លាប់បានធ្វើការផ្សព្វផ្សាយណែនាំដល់ក្រុមប្រជានេសាទទាំងអស់ថាបើបានប្រទះឃើញជាប់មង ឬអួន ត្រូវដោះលែងវាឲ្យមានសេរីភាពឡើងវិញ ព្រោះវាជាប្រភេទសត្វសមុទ្រដ៏កម្រ ។
លោកបានបន្តទៀថា ចំពោះវិធានការអភិរក្សសត្វផ្សោតសមុទ្រខាងមន្ទីរនិងបង្កើនការអប់រំបន្ថែមដល់សារធារណះជន ពិសេសប្រជានេសាទត្រូវតែមានការនេសាទដោយប្រុងប្រយ័ត្នចំពោះដែនជម្រកសត្វផ្សោត។
សូមបញ្ជាក់ថា កន្លងមកហ្វូងសត្វផ្សោតសមុទ្រតែងតែមកតំបន់ឆ្នេរប៉ាក់ខ្លងនេះ ដោយគេបានប្រទះឃើញម្តងម្កាលនៅពេលដែលទឹកសមុទ្រមានសភាពស្ងប់ ឬពេលដែលពុំសូវមានទូកនេសាទចេញនេសាទ ហើយពួកវាតែងតែធ្វើដំណើរទៅមកពីតំបន់ឆ្នេរប៉ាក់ខ្លង ទៅកាន់តំបន់ព្រៃកោងកាងពាមក្រសោម និង កោះកាពិ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។