អភិបាលខេត្តសៀមរាប ព្រមានដកតំណែងអាជ្ញាធរណាដែលបណ្តោយឲ្យមានរណ្តៅដីអត់ច្បាប់នៅមូលដ្ឋានរបស់ខ្លួន
លោក ទៀ សីហា អភិបាលខេត្តសៀមរាប កាលពីថ្ងៃម្សិលមិញនេះ ក្នុងពិធី «ទិវាបរិស្ថានជាតិ» ដែលប្រារព្ធធ្វើនៅស្រុកប្រាសាទបាគង បានធ្វើការព្រមានដល់អាជ្ញាធរក្រុងស្រុក ទាំងអស់ ត្រូវពិនិត្យមើលមេភូមិ មេឃុំ ក្នុងមូលដ្ឋានរបស់ខ្លួន ហើយថា បើមានរណ្តៅដីខុសច្បាប់ហើយមិនរាយការណ៍ គឺត្រូវធ្វើការព្រមានលើកទី១ លើកទី២ ហើយលើកទី៣ គឺដកចោលតែម្តង។
លោក ទៀ សីហា បានថ្លែងថា “រណ្តៅដីអត់ច្បាប់ត្រូវតែបិទ ចំណែកគ្រឿងចក្រត្រូវតែចាប់យកមកទុក។ ព្រោះកាលពីមុនអាជ្ញាធរចុះបិទរណ្តៅទាំងនោះ គ្រាន់តែយកក្រដាសទៅបិទ ដោយរក្សាទុកគ្រឿងចក្រឲ្យនៅដដែល លុះអាជ្ញាធរចេញបាត់ គេជីកដដែល”។ តែពេលនេះមិនត្រូវទុកឲ្យនៅដដែលអីចឹងទេ។
ក្រៅពីរណ្តៅដីអត់ច្បាប់ លោកអភិបាលខេត្តសៀមរាប ក៏បានបញ្ជាឲ្យអាជ្ញាធរពិនិត្យមើលរណ្តៅដីទាំងឡាយដែលមានច្បាប់ផងដែរថា តើពួកគេបានជីកត្រឹមត្រូវតាមអ្វីដែលជំនាញអនុញ្ញាតដែរឬទេ? លោកថា ”រណ្តៅដីមានច្បាប់យើងមិនបិទទេ ប៉ុន្តែយើងក៏ត្រូវពិនិត្យមើលដែរថា វាត្រឹមត្រូវដែរឬយ៉ាងណា? មិនត្រូវបណ្តោយឲ្យជីកតាមតែចិត្ត ជីកជ្រៅដល់ក្បាលប្រេតនោះទេ” ។ ព្រោះការជីករណ្តៅដែលមានជម្រៅជ្រៅបានធ្វើឲ្យប៉ះពាល់ដល់ប្រភពទឹកក្រោមដី ប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។