រដ្ឋមន្ត្រីក្រសួងកសិកម្ម ជួបលោកសាស្រ្តាចារ្យ Satou Tsuchikawa ព្រឹទ្ធបុរសនៃសាកលវិទ្យាល័យណាហ្គូយ៉ា ជប៉ុន
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកសាស្ត្រាចារ្យ Satoru Tsuchikawa ព្រឹទ្ធបុរសថ្មីនៃសាលាក្រោយឧត្តម សាកលវិទ្យាល័យណាហ្គូយ៉ា ប្រទេសជប៉ុន និងសហការី ក្នុងគោលបំណងសម្តែងការគួរសម និងជម្រាបជូនសកម្មភាពនៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យណាហ្គូយ៉ា និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម លើការងារបណ្តុះបណ្តាលថ្នាក់បរិញ្ញាជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
សូមជម្រាបជូនថា កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងសាកលវិទ្យាល័យណាហ្គូយ៉ា និងសាកលវិទ្យាល័យភូមិន្ទកសិកម្មបានចាប់ផ្តើមតាំងពីឆ្នាំ២០០០មកម្លេះ។ ដោយសង្កេតឃើញថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ និងនៅមានសក្តានុពលក្នុងការពង្រីក សាកលវិទ្យាល័យណាហ្គូយ៉ា បានសម្រេចចិត្តបង្កើតសាខា (Satellite Institute) ចំនួន ០៣ នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះរួមមាន៖ ១. សាកលវិទ្យាល័យភូមិន្ទកសិកម្ម សម្រាប់សិក្សា និងលើកកម្ពស់ផ្នែកកសិកម្ម ២. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រាប់សិក្សាផ្នែកអភិវឌ្ឍនអន្តរជាតិ ៣. សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច សម្រាប់សិក្សាផ្នែកច្បាប់។
អ្វីដែលគួរជាទីមោទនៈសម្រាប់សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នោះគឺក្នុងឆ្នាំ២០១៧ និង២០១៨ មានមន្ត្រីជំនាញ២រូប បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតដោយជោគជ័យ ហើយកំពុងបំពេញការងារជូនក្រសួង ឋានៈជាអគ្គនាយក និងអនុប្រធាននាយកដ្ឋាន។ ដោយឡែក បច្ចុប្បន្នក៏នៅមានមន្ត្រីជំនាញចំនួន ០៥រូប ទៀតកំពុងសិក្សាថ្នាក់បណ្ឌិតផងដែរ។ សម្រាប់វគ្គបណ្តុះបណ្តាលថ្មី ដែលនឹងចាប់ផ្តើមខែតុលា ឆ្នាំ២០១៩ ដល់ ខែកញ្ញា ឆ្នាំ២០២១ សាកលវិទ្យាល័យបាននិងកំពុងជ្រើសរើសបេក្ខជនដើម្បីទទួលបាននូវអាហារូបករណ៍បន្តការសិក្សា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។