កន្ត្រក​វិល​ធំ​លំដាប់​ទី៣នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ​នឹង​មាន​វត្តមាន​នៅ​ខេត្តសៀមរាប​

​សៀមរាប​៖​ ​កន្ត្រក​វិល​ធំ​លំដាប់​ទី៣​ ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​នឹង​មាន​វត្តមាន​នៅក្នុង​បរិវេណ​ផ្សារ​ ​Box​ ​Vill​ ​ក្នុង​ភូមិ​គ្រួស​សង្កាត់​ស្វាយដង្គំ​ ​ក្រុង​សៀមរាប​ ​ខេត្តសៀមរាប​ ​នា​ពេល​ខាងមុខនេះ​។​

​លោក​ ​ថា​កិ​យូសិ​ ​សិ​ណុ​មី​យា​ ​(​Taheyoshi​ ​Shinomiya​)​ ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ ​អង្គរ​ ​អាយ​ ​ខម​ភេ​នី​ ​លី​មី​ធី​ត​ ​បាន​ថ្លែង​នៅក្នុង​ពិធី​បើក​ការ​រដ្ឋា​ន​សាងសង់​កន្ត្រក​វិល​ដ៏​ធំ​នេះ​ ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នេះ​ថា​ ​ក្រុមហ៊ុន​ ​Angkor​ ​Eye​ ​គឺជា​ក្រុមហ៊ុន​ជប៉ុន​ដែល​មាន​សាជីវកម្ម​ក្នុង​ប្រទេស​កម្ពុជា​ ​ដោយធ្វើ​ការ​វិនិយោគ​ទឹកប្រាក់​ចំនួន៧,២លាន​ដុល្លា​សហរដ្ឋអាមេរិក​ ​សម្រាប់​ការ​សាង​សង់​កន្រ្ត​ក​វិល​ដ៏​ថ្មីស្រឡាង​មួយ​នៅក្នុង​ក្រុង​សៀមរាប​។​ ​កន្លងមក​នេះ​ក្រុមហ៊ុន​ ​Angkor​ ​Eye​ ​បាន​ចាប់ដៃ​គូរ​ធុរកិច្ច​ខាង​សាងសង់​សួន​កម្សាន្ត​ក្នុង​ប្រទេស​ជប៉ុន​ ​និង​ ​ផ្តល់​សេវា​ដំណោះស្រាយ​ការកម្សាន្ត​ ​កន្លែង​កម្សាន្ត​ធំៗ​ ​និង​ផ្សារ​ទំនើប​ធំៗ​។​ ​ថ្មី​ៗ​នេះ​ ​ដោយមាន​កំណើន​តម្រូវការ​ឧបករណ៍​ ​និង​សួន​កម្សាន្ត​តាម​បែប​វិស្វកម្ម​និង​ស្តង់ដារ​ជប៉ុន​ដែល​មានគុណ​ភាព​ខ្ពស់​ ​ក្រុមហ៊ុន​របស់​លោក​ ​បាន​ពង្រីក​ខ្លួន​ទៅជា​អ្នកនាំ​ចេ​ញក​ន្រ្ត​ក​វិល​ ​និង​ឧបករណ៍​ជំ​នាញ​ផ្សេង​ៗ​ទៀត​ជាច្រើន​។​

​មកដល់​បច្ចុប្បន្ន​នេះ​ ​ក្រុមហ៊ុន​មាន​កន្ត្រក​វិល​ដ៏​ទាក់ទាញ​ ​ចំនួន១៣កន្លែង​ ​ស្ថិតនៅ​ជុំវិញ​ពិភពលោក​ ​ចំណែក​គ​ម្រោ​ង​កន្ល​ក​វិល​ ​Angkor​ ​Eye​ ​នៅក្នុង​ក្រុង​សៀមរាប​នេះ​ជា​គម្រោង​ទី១៤​ ​របស់​ក្រុមហ៊ុន​។​

​លោក​ ​ម៉េ​ង​ ​ហៀង​ ​អគ្គនាយក​ ​ក្រុមហ៊ុន​ ​អង្គរ​ ​អាយ​ ​ខេម​ភេ​នី​ ​លី​មី​ធិ​ត​ ​បាន​ថ្លែង​ថា​ ​កន្រ្ត​ក​វិល​ ​អង្គរ​អាយ​ ​នេះ​ ​បាន​សាងសង់​ក្នុង​កម្ពស់៨៥ម៉ែត្រ​មាន៤៨កន្ត្រក​ ​ដែល​អាច​ផ្ទុក​ភ្ញៀវ​ទេសចរណ៍​បាន១៩២នាក់​ក្នុង​ពេល​តែមួយ​។​ ​ហើយ​ភ្ញៀវ​ទេសចរណ៍​ម្នាក់​នឹង​ត្រូវ​ប្រើ​ពេលវេលា១៨​ ​នាទី​ ​សម្រាប់​ការ​ជិះ​មួយ​ជុំ​។​ ​ខណៈ​ពេល​ជិះ​កន្ត្រក​វិ​ក​កម្សាន្ត​លើ​អាកាស​ ​ភ្ញៀវ​ទេសចរណ៍​អាច​ទស្សនា​ទិដ្ឋភាព​ទីរួមខេត្ត​សៀមរាប​ ​នឹងអាច​ផ្តិត​យក​រូបភាព​និង​ទេសភាព​ដ៏​ស្រស់​ត្រកាល​ ​ជាពិសេស​អាច​មើលឃើញ​ប្រាង្គ​ប្រាសាទអង្គរវត្ត​ ​ទិដ្ឋភាព​បៃតង​នៃ​វាលស្រែ​ពីលើ​អាកាស​ផង​ដែរ​ ​។​

​លោក​បាន​បញ្ជាក់​ថា​ ​មូលហេតុ​ដែល​ក្រុមហ៊ុន​សម្រេច​យក​ទីតាំង​ខេត្តសៀមរាប​ ​សម្រាប់​ការ​វិនិយោគ​នេះ​ ​ដោយសារតែ​ខេត្តសៀមរាប​មាន​ប្រាង្គ​ប្រាសាទអង្គរវត្ត​ ​ដ៏​អស្ចារ្យ​លើ​ពិភពលោក​ ​ហើយ​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​មក​ទស្សនា​យ៉ាងច្រើន​កុះករ​ ​និង​កំពុង​មានសន្ទុះ​យ៉ាង​ខ្លាំងក្លា​និង​ប្រកបដោយ​ភាព​ទាក់ទាញ​បំផុត​។​ ​លោក​សង្ឃឹមថា​ ​ក​ន្ត្រី​ក​វិល​លំដាប់​ពិភពលោក​នេះ​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ផ្តល់​សេវា​កម្សាន្ត​ ​បន្ថែម​លើ​កម្មវិធី​ទេសចរណ៍​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ ​បន្ទាប់ពី​ពួកគេ​បាន​ទស្សនា​ប្រាសាទបុរាណ​ ​និង​រមណីយដ្ឋាន​ធម្មជាតិ​ដែល​មាននៅ​ក្នុង​ខេត្តសៀមរាប​រួចមក​។​

​លោក​ទៀ​ ​សីហា​ ​អភិបាលខេត្ត​សៀមរាប​ ​បាន​មានប្រសាសន៍​ថា​ ​ខេត្តសៀមរាប​ ​គឺជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេស​ ​ដោយ​ផ្អែក​លើ​សក្តា​នុ​ពល​វិស័យ​ទេសចរណ៍​ ​ព្រោះតែ​ភាព​សម្បូរ​បែប​ ​នៃ​សម្បតិ្ត​វប្បធម៌​ ​រមណីយដ្ឋាន​ប្រវត្តិ​សាស្រ្ត​ធម្មជាតិ​ ​ជាពិសេស​ប្រាសាទអង្គរវត្ត​ ​ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ខេត្តសៀមរាប​ ​មានការ​កើនឡើង​ជាលំដាប់​។

​លោក​បាន​បញ្ជាក់​ថា​ ​ការ​វិនិយោគ​មណ្ឌល​កំ​សាន្ត​កន្រ្ត​ក​វិល​ ​លំដាប់​អន្តរជាតិ​នេះ​ ​គឺ​ផលិតផល​ទេសចរណ៍​ថ្មី​មួយទៀត​នៅក្នុង​ខេត្តសៀមរាប​។​ ​ហើយ​វា​ក៏​នឹង​រួមចំណែក​ធ្វើ​ឱ្យ​អ្នកទេសចរ​អាច​ស្នាក់នៅ​កម្សាន្ត​សប្បាយ​នៅក្នុង​ខេត្តសៀមរាប​បាន​យូរ​ផង​ដែរ​។​ ​លោក​រំពឹង​ថា​ ​ក្រៅពី​មណ្ឌល​កំ​សាន្ត​កន្រ្ត​ក​វិល​នេះ​ ​ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ​ ​និង​បង្កើន​នូវ​ការ​វិនិយោគ​បន្ថែម​ទៀត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ជាពិសេស​ខេត្តសៀមរាប​ ​លើ​វិ​ស័យ​ផ្សេង​ៗ​ទៀត​ ​ដើម្បី​ចូលរួម​ដល់​កិច្ច​អភិវឌ្ឍន៍​ព្រះរាជាណាចក្រ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close