អាជ្ញាធរ​ខេត្តសៀមរាប​ ​សម្រេច​ផ្អាក​សកម្មភាព​ក្រុមហ៊ុន​កាយដី​មួយ​ ​ក្រោយពី​កាយដី​បំផ្លាញ​ច្រាំង​ ​និង​ដើមឈើ​នៅ​តាម​មាត់​ស្ទឹង​សៀមរាប​

​អាជ្ញាធរ​ខេត្តសៀមរាប​ ​កាលពី​រសៀល​ថ្ងៃទី៣០​ ​ខែមិថុនា​ឆ្នាំ២០១៩​ ​បានសម្រេច​ឲ្យ​ក្រុមហ៊ុន​រាជ​សី​ដែល​ទទួល​សិទ្ធិ​ស្តារ​ស្ទឹង​សៀមរាប​ ​បញ្ឈប់​សកម្មភាព​ជាបន្ទាន់​ ​បន្ទាប់ពី​អាជ្ញាធរ​រក​ឃើញថា​ ​ក្រុមហ៊ុន​នេះ​ធ្វើសកម្មភាព​កាយ​បំផ្លាញ​ច្រាំង​ ​និង​បំផ្លាញ​ដើមឈើ​នៅ​តាម​មាត់​ស្ទឹង​សៀមរាប​ ​ក្រោម​រូបភាព​កាយ​បើកមុខ​ទឹក​ ​ដើម្បី​ការពារ​ទឹកជំនន់​លិច​ក្រុង​សៀមរាប​នារ​ដូវ​វស្សា​នេះ​ ​។​

តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សាលាក្រុង​ម្នាក់​ ​សុំ​មិនបាន​បញ្ចេញ​ឈ្មោះ​ ​បាន​ឲ្យដឹង​ថា​ ​សកម្មភាព​កាយ​ស្តារ​ស្ទឹង​នេះ​ ​ជា​គម្រោង​របស់​មន្ទីរ​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ខេត្ត​ ​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹកជំនន់​ ​នៅក្នុង​រដូវវស្សា​នេះ​ ​ដែល​ត្រូវ​ធ្វើការ​កាយ​ស្ទឹង​សៀមរាប​ផ្នែក​ខ្លះ​ឲ្យទឹក​ហូរ​បាន​លឿន​ ​ជៀសវាង​មានការ​ស្ទះ​ទឹក​ ​ដែល​អាច​បណ្តាល​ឲ្យ​លិច​ក្រុង​សៀមរាប​ ​តែ​ក្រុមហ៊ុន​ ​ក៏​មិនបាន​ទទួល​គម្រោង​ ​ប្លង់​ ​ក្នុង​ការ​ស្តារ​ស្ទឹង​នេះ​ឡើយ​។​

​លោក​ ​ម៉ៃ​ ​សា​ម៉េ​ត​ ​ចៅសង្កាត់​សៀមរាប​ ​បាន​ឲ្យដឹង​ថា​ ​យោង​តាម​កា​អង្កេត​ ​តាមដាន​ ​នៃ​សកម្មភាព​ស្តារ​ស្ទឹង​សៀមរាប​ ​ក្នុង​ជំហាន​ពីរ​របស់​ក្រុមហ៊ុន​នេះ​ឃើញថា​ ​មាន​សកម្មភាព​មិន​ប្រក្រតី​ ​ដែល​ធ្វើ​ទៅ​ខុស​បច្ចេកទេស​ ​ពី​គម្រោង​របស់​កូរ៉េ​ ​ដោយក្រុម​ហ៊ុន​ ​បាន​ជីក​កាយ​យក​ដី​ពី​មាត់​ស្ទឹង​យក​ទៅ​ដាក់​ទីកន្លែង​ផ្សេង​ពី​មាត់​ស្ទឹង​ ​ឬថា​យក​ទៅ​លក់​ឲ្យ​ដី​ឡូ​តិ៍​មួយ​កន្លែង​ដើ​មី្ប​ធ្វើ​ផ្ទះល្វែង​។​ ​បញ្ហា​ទាំងនេះ​ ​ទើប​សាលាសង្កាត់​ ​ធ្វើ​សេចក្តី​រាយការណ៍​ទៅ​សាលាក្រុង​ ​ដើ​មី្ប​មាន​វិធានការ​ក្នុង​ការទប់ស្កាត់​សកម្មភាព​នេះ​។

 

​តាម​ប្រភព​ពី​មន្ត្រី​សាលាខេត្ត​សៀមរាប​ ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ​បាន​ឲ្យដឹង​ថា​ ​ដី​ឡូ​តិ៍​ដែល​ក្រុមហ៊ុន​រាជ​សី​ ​ដឹក​អាចម៍​យក​ទៅ​ចាក់​នោះ​ជា​របស់​លោក​ ​ណម​ ​ពិសិដ្ឋ​ ​ប្រធានមន្ទីរ​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ខេត្តសៀមរាប​។​ ​ប្រភព​ដដែល​បាន​លើកឡើង​ថា​ ​នេះ​ជា​ការ​ឃុបឃិត​គ្នា​ ​រវាង​លោក​ ​ណម​ ​ពិសិដ្ឋ​ ​ជាមួយនឹង​ក្រុមហ៊ុន​រាជ​សី​ ​ដោយ​ប្រើប្រាស់​រូបភាព​គម្រោង​កាយ​បើកមុខ​ទឹក​ ​ការពារ​ការ​ជន់​លិច​ក្រុង​សៀមរាប​ ​នារ​ដូវ​វស្សា​ ​ជ្រក​ក្រោម​ស្លាក​គម្រោង​របស់​មន្ទីរ​សេដ្ឋ​កិ​ច្ច​ហរិ​ញ្ញ​វត្ថុ​ខេត្ត​ ​ដែល​មាន​លោ​ក​ណម​ ​ពិសិដ្ឋ​ ​ជា​ប្រធានមន្ទីរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close