បុគ្គលិកជនជាតិវៀតណាមក្រុមហ៊ុនចំការកៅស៊ូតាបៀនខេត្តកំពង់ធំម្នាក់ ត្រូវគេលបបាញ់សម្លាប់ ខណៈជិះម៉ូតូតាមផ្លូវ
ខេត្តកំពង់ធំ ៖ កាលពីវេលាម៉ោងប្រមាណ៤ទៀបភ្លឺឈានចូលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ មានអំពើឃាតកម្មមួយបានកើតឡើង នៅលើផ្លូវលំគ្រួសក្រហមក្នុងចំការកៅស៊ូកសិដ្ឋានទី៣ របស់ក្រុមហ៊ុនតានបៀនកំពង់ធំអភិវឌ្ឍន៍កៅស៊ូ ស្ថិតនៅក្នុងភូមិ ថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ជនរងគ្រោះក្នុងអំពើឃាតកម្មនោះមានឈ្មោះ ដង ថាន់ហាយ ភេទប្រុស អាយុ៥២ ឆ្នាំ ជនជាវៀតណាម មុខរបរជាបុគ្គលិកក្រុមហ៊ុនចំការកៅស៊ូ មានអាស័យដ្ឋានស្នាក់នៅកសិដ្ឋានទី៣ របស់ក្រុមហ៊ុនតានបៀន។
តាមសាក្សីបានបញ្ជាក់ប្រាប់សមត្តកិច្ចឲ្យដឹងថា នៅវេលាម៉ោងខាងលើគេបានឃើញជនរង គ្រោះ ដេកស្លាប់ក្នុងថ្លុកឈាមនៅលើម៉ូតូម៉ាកវ៉េវ ព័ណខ្មៅ មួយគ្រឿង ដែលមានពាក់ស្លាករបស់ប្រទេសវៀតណាម លេខ៧០ S2.៥៣៣២ នៅលើផ្លូវក្នុងកសិដ្ឋានចំការកៅស៊ូតានបៀន ។ ឃើញដូច្នោះគេក៏បានរាយការជូនសមត្តកិច្ចមូលដ្ឋាន ដើម្បីបានជ្រាបជាព័ត៌មាន ទើបពេលនោះសមត្តកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ។
ភ្លាមៗ សាក្សីមិនបានបញ្ជាក់អំពីមូលហេតុ នៃអំពើឃាតកម្មនោះ ផ្តើមចេញពីអ្វីនៅឡើយទេ ចំណែកសមត្តកិច្ចបាន និងកំពុងដុតដៃដុតជើងធ្វើការស្រាវជ្រាវ លើករណីនេះ ។ ប៉ុន្តែទោះជាយ៉ាងណា សមត្តកិច្ចបានជាជំហ៊ានដំបូង ចំពោះការស្លាប់បាត់បង់អាយុជីវិត របស់បុគ្គលិកក្រុមហ៊ុនចំការកៅស៊ូតានបៀនកំពង់ធំនោះជាអំពើឃាតកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។