វិសម្ពាធទាបដែលកើតឡើងនៅកោះហាយណាន់ វិវត្តន៍ទៅជាកូនព្យុះទី៤ កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់សមុទ្រ និងតំបន់ភូមិភាគឦសាន
យោងតាមសេចក្តីជូនដំណឹងបន្ថែមរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលចេញផ្សាយនៅថ្ងៃទី៣ កក្កដា នេះបានឲ្យដឹងថា វិសម្ពាធទាបដែលកើតឡើងនៅលើភាគខាងកើតកោះហាយណាន់ បានវិវត្តន៍ទៅជាកូនព្យុះទី៤ ដែលមានឈ្មោះថា ម៉ាន់ (MUN) ហើយ។
ព្យុះនេះនឹងបន្តដំណើរឆ្ពោះទៅភាគខាងលើឈូងសមុទ្រតុងកឹង មុននឹងថមថយឥទ្ធិពលជាវិសម្ពាធវិញនៅពេលឡើងគោក នៅខាងត្បូងប្រទេសចិននៅវេលាយប់ឆ្លងចូលថ្ងៃទី០៥ ខែកក្កដា។
តាមការបញ្ជាក់របស់ក្រសួងធនធានទឹកថា ព្យុះនេះមិនមែនបក់ចូលកម្ពុជានោះទេ តែវាមានឥទ្ធិពលមកលើប្រទេសកម្ពុជា ដោយវានឹងធ្វើឲ្យខេត្តជាប់តំបន់មាត់សមុទ្រមានភ្លៀងធ្លាក់ជោគជាំ ទាំងលើដី ទាំងលើផ្ទៃសមុទ្រ ដោយល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រធំ។
ជាមួយគ្នានេះ ខេត្តនៅតំបន់ខ្ពង់រាបឦសានខាងកើតជាប់ប្រទេសវៀតណាម ក៏មានភ្លៀងបន្តធ្លាក់ច្រើនផងដែរ ខណៈដែលបណ្តាខេត្តភាគកណ្តាលខាងជើង និងពាយ័ព្យមានភ្លៀងពីតិចទៅបង្គួរ។
ដោយសារអាកាសធាតុបែបនេះ ក្រសួងស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងនូវបណ្តាបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលអាចកើតមានឡើងជាយថាហេតុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។