រដ្ឋសភា នឹងហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឲ្យមកឆ្លើយបំភ្លឺនៅថ្ងៃស្អែក ពាក់ព័ន្ធនឹងតួនាទី និងបញ្ហាមួយចំនួន
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានកំណត់យកថ្ងៃទី៤ ខែកក្កដា ស្អែកនេះ ដើម្បីបើកសម័យប្រជុំពេញអង្គរដ្ឋសភា នីតិកាលទី៦ ដោយក្នុងនោះ ក៏មានការសួរដេញដោល លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងអ្នកជាប់ពន្ធនាគារ និងបញ្ហាមួយចំនួនទៀត។
លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាបានថ្លែងថា តាមរដ្ឋធម្មនុញ្ញ សមាជិកសភាអាចអញ្ជើញរដ្ឋមន្ត្រីមកធ្វើការសួរដេញដោលនៅក្នុងសម័យប្រជុំរដ្ឋសភា ហើយតាមបទបញ្ជាផ្ទៃក្នុងរដ្ឋសភាគឺកំណត់យកថ្ងៃទី០៤ ខែកក្កដា ដើម្បីសួរដេញដោល លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ លោកបញ្ជាក់ថា “អ្នកតំណាងរាស្ត្រ ក៏ដូចជាប្រជាពលរដ្ឋយើង បានដឹងថា នៅក្នុងកាលៈទេសៈនេះ វិស័យយុត្តិធម៌កំពុងតែកែមុខមាត់ រូបភាពទៅតាមការកែទម្រង់ យុទ្ធសាស្ត្រចកុកោណរបស់ រាជរដ្ឋាភិបាល ដែលគិតថាត្រូវផ្តល់យុត្តិធម៌ដល់សង្គមឲ្យបានខ្លាំងបន្ថែមទៀត អញ្ចឹងហើយវិស័យយុត្តិធម៌នេះវិវត្តន៍លឿនណាស់”។
តាមលោក ឈាង វុន អ្វីដែលអ្នកតំណាងរាស្ត្រ នឹងសួរនាំលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌នោះ គឺពាក់ព័ន្ធការងារជាច្រើនដែលក្រសួងយុត្តិធម៌កំពុងដំណើរការទៅមុខ និងធ្វើយ៉ាងណាទាក់ទាញទឹកចិត្តប្រជាពលរដ្ឋ បំពេញតម្រូវការដល់ប្រជាពលរដ្ឋដល់កម្រិតណា និងការងារមួយចំនួនទៀតពាក់ព័ន្ធនឹងវិស័យយុត្តិធម៌។ «យើងអញ្ជើញរដ្ឋមន្ត្រីមក គឺយើងដាក់ជាសំណួរឯកសារ លិខិត រាល់សំណួរទាំងអស់យើងដាក់ក្នុងនឹង ក៏ប៉ុន្តែយើងមិនអាចចប់ត្រឹមនឹងទេ គឺនៅពេលរដ្ឋ មន្ត្រីបកស្រាយ ហើយអ្នកតំណាងរាស្ត្រយល់ថា នៅមានខ្វះចន្លោះ ប្រធានរដ្ឋសភា មានសិទ្ធិ ផ្តល់ការសួរចេញដោលបន្ត ឬមិនផ្តល់សិទ្ធិក្នុងការសួរបន្ត។ បើប្រធានផ្តល់នោះនឹង មានការតស៊ូមតិគ្នា»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។