ផ្លាស់ប្តូរមេប៉ូលិសអន្តោប្រវេសន៍ច្រកអូរស្មាច់
នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរស្មាច់ ត្រូវធ្វើពិធីផ្លាស់ប្តូរហើយនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោមអធិបតី ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ។
សូមបញ្ជាក់ថា លោកវរសេនីយ៍ឯក ថេរ សុរិទ្ធិយ៉ា ត្រូវបានតែងតាំងជានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិអូរស្មាច់ ជំនួសលោក ខូង ទីន ដែលត្រូវផ្លាស់ប្តូរតួនាទីថ្មី។
ក្នុងពិធីនៅព្រឹកមិញនេះ ឯកឧត្ដម ឃុន សំបូរ អគ្គស្នងការរងអន្តោប្រវេសន៍ បានមានប្រសាសន៍លើកឡើងថា នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិអូរស្មាច់ ដែលចូលកាន់តំណែងថ្មី ត្រូវយកចិត្តទុកដាក់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងបំពេញបែបបទចេញចូលក្នុងប្រទេសឲ្យបានទាន់ពេលវេលា ជាពិសេសខិតខំពង្រឹងការងារផ្ទៃក្នុងឲ្យបានល្អ ត្រូវចេះរឹតចំណងសាមគ្គីភាពឲ្យបានទូលំទូលាយ សហការជាមួយបណ្តាស្ថាប័ន និងអង្គភាពជំនាញនានា ដើម្បីអនុវត្តន៍ការងារទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ។ ជាងនេះទៀត ភារកិច្ចរបស់មន្ត្រីនគរបាលច្រកទ្វារព្រំដែន គឺការទទួលខុសត្រូវគ្រប់បែបយ៉ាង ពីសន្តិសុខសណ្តាប់ធ្នាប់ក្នុងតំបន់ នៃខ្សែបន្ទាត់ព្រំដែន។
ជាមួយគ្នានេះ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ក៏បានផ្ដាំផ្ញើរដល់លោកនាយប៉ុស្តិ៍ដែលតែងតាំងថ្មី ត្រូវរក្សាឲ្យបានល្អ នូវក្រមសិលធម៌ វិជ្ជាជីវ: យកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត ក្នុងកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងភាគីថៃ ទប់ស្កាត់រាល់បទល្មើសគេចពន្ធនានា ការជួញដូរស្ត្រី កុមារ បទល្មើសគ្រឿងញៀន និងរាល់បទល្មើសឆ្លងដែនផ្សេងៗទៀតឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ជាពិសេសត្រូវអនុវត្ត ឲ្យបាននៅគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល នៃប្រទេសកម្ពុជា គឺត្រូវផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យទទួលបានឆាប់រហ័ស ទាន់ចិត្ត និងមានតម្លាភាពផងដែរ៕
អត្ថបទ៖ សំ ប្រិយងា៉ម
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។