សាលាក្រុងភ្នំពេញដាក់ឲ្យដំណើរការ App City Bus ថ្មី ដើម្បីទាក់ទាញពលរដ្ឋមកប្រើសេវារថយន្តក្រុងសាធារណៈ
ក្រោយពីដំណើរការសេវារថយន្តក្រុងសាធារណៈ (City Bus) កាលពីឆ្នាំ២០១៤ មកទល់ បច្ចុប្បន្នសេវានេះ រដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈ រថយន្តក្រុង និងក្រុមអ្នកជំនាញ JICA បានបង្កើត និងដាក់ដំណើរការ App “City Bus Official” ដែលអាចគ្រប់គ្រងប្រតិបត្តិការ រថយន្តក្រុង និងតាមដាន ទីតាំងចលនាបម្លាស់ទីរថយន្តក្រុង ដើម្បីបន្ថែមភាព ងាយស្រួលដល់អ្នកប្រើប្រាស់។
ក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធគ្រប់គ្រង ប្រតិបត្តិការរថយន្តក្រុង និង APP សម្រាប់តាមដាន ចលនាបម្លាស់ទីរថយនក្រុង លោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ បានបង្ហាញជំនឿយ៉ាងម៉ុតមាំថា ប្រព័ន្ធ APP ថ្មីនេះ នឹងផ្តល់ភាពងាយស្រួលបន្ថែមទៀត ដល់អ្នកប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ។ ក្នុងនោះ នឹងកាន់តែទាក់ទាញពលរដ្ឋកាន់តែច្រើនឲ្យងាកមកប្រើប្រាស់សេវារថយន្តក្រុង។
លោក ឃួង ស្រេង ឲ្យដឹងថា កម្មវិធីនេះ អាចផ្តល់ដំណឹងដល់អ្នកបើកបរអាចបញ្ជៀស កុំឲ្យរថយន្តក្រុងពីរ ឬច្រើនគ្រឿង មកដល់ក្នុងពេលតែមួយ និងផ្តល់ដំណឹងដល់អ្នកប្រើប្រាស់សេវាអាចដឹងជាមុន អំពីពេលវេលាដែលរថយន្តនឹងមកដល់ ដោយពុំចាំបាច់ចំណាយពេលវេលារង់ចាំយូរ នៅតាមចំណតដូចមុនទៀតឡើយ។
លោក អ៊ាន សុឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានឲ្យដឹងដែរថា “ក្នុងគម្រោងធ្វើឲ្យប្រសើរឡើងនូវសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៅរាជធានីភ្នំពេញដែលមានរយៈពេល៤ឆ្នាំ ចាប់ពីខែមករា ឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០២០ រដ្ឋាករស្វយ័តដឹកជញ្ជូន និងក្រុមជំនាញការ JICA បានដាក់ឲ្យដំណើរ ការសេវាដឹកជញ្ជូនសាធារណៈ ជូនប្រជាពលរដ្ឋ បានចំនួន១៣ខ្សែ ប្រើប្រាស់រថយន្ត ២៣៥គ្រឿង និងមានអ្នកជិះរថយន្តក្រុងពី២៦.០០០នាក់ ទៅ៣០.០០០នាក់ ក្នុងមួយថ្ងៃ”។
លោកបន្ថែមថា រដ្ឋាករបានបំពាក់នូវម៉ាស៊ីនទូទាត់ប្រាក់ តាមប្រព័ន្ធអេឡិកត្រូនិច ដោយប្រើប្រាស់កាត NFC របស់ធនាគារឯកទេសវីង និងអេស៊ីលីដា ទាន់ចិត្ត (QR-Code) របស់ធនាគារអេស៊ីលីដា នៅលើរថយន្តក្រុងទាំងអស់ និង បានរៀបចំជម្រករង់ចាំថ្មី (Bus Shelter) ចំនួន១៧៧ទីតាំងលើចំណតរង់ចាំ (Bus Stop) ចំនួន៩០៤ទីតាំង ដោយបំពាក់ភ្លើងបំភ្លឺ និង WIFI នៅលើ រថយន្តក្រុងផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។