ឪពុកចិត្តព្រៃផ្សៃ ដែលបោកសម្លាប់កូនខ្លួនឯង ក្រោយឈ្លោះជាមួយប្រពន្ធ ត្រូវសមត្ថកិច្ចចាប់បានហើយ
យោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តសៀមរាប សហការជាមួយកម្លាំងអធិការស្រុកប្រាសាទបាគង និងប៉ុស្តិ៍នគរបាលរដ្ឋបាលមានជ័យ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ផ្លាយ វិភ័ត ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ដែលបានបោកសម្លាប់កូនខ្លួនឯងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩។
សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ឈ្មោះ ផ្លាយ វិភ័ត នៅភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធឈ្មោះ សោម សុខុម អាយុ២៨ឆ្នាំ រឿងទិញបន្លែមិនល្អុយមកធ្វើម្ហូប ភ្លាមនោះប្រពន្ធក៏ដើរទៅយកទឹក បន្ទាប់មកជនសង្ស័យជាប្តីបានចាប់លើកកូនប្រុសបង្កើតឈ្មោះ ផាង ផល្លា ភេទប្រុស អាយុ១ឆ្នាំ២ខែ ទៅបោកនិងសសរផ្ទះបាយបណ្តាលឲ្យស្លាប់ តែម្តងក្រោយសកម្មភាពនេះហើយជនសង្ស័យក៏បាន រត់គេចខ្លួនបាត់។
លុះដល់ល្ងាចថ្ងៃទី០៣ ខែកក្កដា វេលាម៉ោង១៩និង២០នាទី សមត្ថកិច្ចបានទទួលព័ត៌មានថា ជនសង្ស័យបានធ្វើដំណើរតាមឡានក្រុងចូលមកខេត្តសៀមរាប ហើយសមត្ថកិច្ចក៏បានដាក់កម្លាំងឃ្លាំមើលក្នុងមូលដ្ឋានដែលជនសង្ស័យឧស្សាហ៍ចេញចូលគឺភូមិឃុំកើតហេតុ រហូតដល់ម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើនេះបានហើយនិងបន្ដយកមកសួរនាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។