រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី តម្រូវឲ្យគ្រប់ក្រុមហ៊ុនសំណង់អនុវត្តតាមច្បាប់របស់កម្ពុជា
ក្នុងឱកាសចូលរួមកិច្ចប្រជុំស្តីពីការងារសិក្សាគម្រោងប្លង់ និងសាងសង់ កាលពីថ្ងៃទី៤ កក្កដា កន្លងទៅនេះ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការជំរុញឲ្យគ្រប់ក្រុមហ៊ុនសំណង់ទំាងអស់នៅទូទាំងប្រទេសអនុវត្តតាមច្បាប់ដែលក្រសួងបានកំណត់ ដើម្បីធានាឲ្យរាល់សំណង់ទំាងអស់នៅទូទាំងប្រទេសអនុវត្តឲ្យបានខ្ចាប់ខ្ចួនតាមនិយាមសុវត្ថិភាព។
ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា រាល់ការសាងសង់សំណង់គ្រប់ប្រភេទ ត្រូវតែរត់ច្បាប់សាងសង់ជាមុនសិនទៅតាមបទដ្ឋានដែលក្រសួងបានកំណត់ ដើម្បីតំរូវឲ្យការងារសាងសង់ត្រូវតាមច្បាប់ធានាបានសុវត្ថិភាពនិងគុណភាពសំណង់ ។
ការជំរុញឲ្យក្រុមហ៊ុនសំណង់ទាំងអស់គោរពទៅតាមច្បាប់នៃការសាងសង់សំណង់នៅកម្ពុជានេះ បានធ្វើឡើងបន្ទាប់កាលពីពេលថ្មីៗនេះមានសំណង់មួយកន្លែងនៅខេត្តព្រះសីហនុបានបាក់រលំ បណ្តាលឲ្យមនុស្សស្លាប់និងរបួសជាច្រើននាក់ ដោយសារតែសំណង់ទំាងនោះសាងសង់ឡើងដោយគ្មានច្បាប់និងខុសបទដ្ឋានបច្ចេកទេស។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០០០ដល់ឆ្នាំ២០១៩គិតត្រឹមខែឧសភា កម្ពុជាទទួលបានគម្រោងសាងសង់ប្រមាណជាង៤ម៉ឺន៥ពាន់គម្រោង ដែលមានទឹកប្រាក់សរុបជាង៤៤៥៧៦លានដុល្លារអាមេរិក ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។