ខេត្តឧត្តរមានជ័យ រៀបចំទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «សុខភាពដើម្បីយុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព»
រដ្ឋបាលខេត្តឧត្ដរមានជ័យ នៅរសៀលថ្ងៃទី៨ ខែកក្កដានេះ បានរៀបចំទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០១៩ ក្រោមប្រធានបទ ”សុខភាពដើម្បីយុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព” ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ។
បើតាមរបាយការណ៍របស់លោកឧត្ដមសេនីយ៍ត្រី ផេង តារ៉ា អនុប្រធានអចិន្រៃយ៍ នៃលេខាធិការដ្ឋានគណៈគម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានឲ្យដឹងថា លទ្ធផលនៃស្នងការនគរបាលខេត្តឧត្ដរមានជ័យ បង្រ្កាបបានអ្នកប្រើប្រាស់ អ្នករក្សាទុក និងការចែកចាយគ្រឿងញៀន ក្នុងឆមាសទី១ ឆ្នាំ២០១៩ បានចំនួន៣១លើក ឃាត់ខ្លួនបានចំនួន៣៨នាក់ និងស្រី៣នាក់។
ឯកឧត្ដម ប៉ែន កុសល្យ បានមានប្រសាសន៍លើកឡើងថា គ្រឿងញៀន គឺជាអន្ទ្រាក់ប្រកបទៅដោយគ្រោះថ្នាក់ដល់មនុស្សគ្រប់រូប ដែលកំពុងតែរាលត្បាតនៅពាសពេញប្រទេសកម្ពុជា ហើយបានទន្រ្ទានចូលមកតាមបណ្ដាខេត្តនីមួយៗ ដោយបានបង្ករនូវគ្រោះមហន្តរាយជាច្រើនចំពោះប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី និងកុមារខ្មែរយើង។
ឯកឧត្តមបន្តថា បញ្ហាគ្រឿងញៀនបាននឹងកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា ដូចនេះ ដើម្បីឆ្លើយតប ទៅនឹងស្ថានភាពគ្រោះថ្នាក់ យ៉ាងធ្ងន់ធ្ងរ នៃឥទ្ធិពលគ្រឿងញៀននេះ សូមឲ្យអាជ្ញាធរ ត្រូវសហការជាមួយគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន សមត្ថកិច្ច អង្គភាពពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត ដើម្បីចាត់វិធានការឲ្យបានហ្មត់ចត់ ក្នុងការទប់ស្កាត់ និងបង្រ្កាបរាល់ការប្រើប្រាស់ ការរក្សាទុក និងការធ្វើចរាចរណ៍ចែកចាយគ្រឿងញៀនឲ្យបានទាន់ពេលវេលា ជាពិសេត្រូវពង្រឹងកិច្ចសហការជាមួយប្រទេសជិតខាង ឲ្យបានប្រសើរឡើងថែមទៀត ដើម្បីជំរុញស្មារតីក្នុងកិច្ចព្រមព្រៀងគ្នាស្ដីពីកាត្រួតពិនិត្យគ្រឿងញៀនឆ្លងដែន ក្នុងការកសាង ភូមិ ឃុំស ដោយព្រំដែនគ្មានគ្រឿងញៀន៕
ដោយ៖ សំ ប្រិយងា៉ម
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។