ព្រះមហាក្សត្រអំពាវនាវដល់ប្រជានុរាស្រ្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចូលរួមដាំដើមឈើ
ខេត្តក្រចេះ៖ ក្នុងឱកាសបុណ្យរុក្ខទិវា ដែលបានប្រារព្ធធ្វើនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩នេះ នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរណ៍ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអំពាវនាវដល់ប្រជានុសាស្រ្ត និងគ្រប់ក្រសួង-ស្ថាប័ន និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ សូមចូលរួមដាំដើមឈើទាំងអស់គ្នា ដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់យើងទាំងអស់គ្នា ដើម្បីបានជាម្លប់សម្រាប់មនុស្ស សត្វ បានជាឈើ សំរាប់សំណង់ អុស ធ្យូង ជាពិសេសបង្កើតជីវជាតិដីកសិកម្ម ជួយទប់កម្លាំងខ្យល់ និងការប្រែប្រួលអាកាសធាតុ។
ព្រះមហាក្សត្រ ក៏បានមានព្រះរាជបន្ធូលឲ្យផ្នែករដ្ឋបាលព្រៃឈើ គួរយកចិត្ត ទុកដាក់រៀបចំ ដើម្បីឲ្យគូស្វាមី ភរិយាថ្មី ដែលទើបរៀបអាពាហ៍ពិពាហ៍ ដាំដើមឈើទុកជាអនុស្សាវរីយ៍នៅសួនអាពាហ៍ពិពាហ៍ ដែលបានបង្កើតឡើងដោយរដ្ឋបាលព្រៃឈើឲ្យបានគ្រប់ៗគ្នា។
ជាមួយគ្នានេះ ព្រះមហាក្សត្រ បានមានព្រះរាជបន្ធូល សូមឲ្យបងប្អូនជនរួមជាតិទាំងអស់ ជួយទប់ស្កាត់ការកាប់ឈើ ការទន្ទ្រានដីព្រៃគ្រប់រូបភាព ដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់យើងទាំងអស់គ្នា ជាពិសេសសំរាប់កូនចៅជំនាន់ក្រោយ។
សូមបញ្ជាក់ដែរថា ដើម្បីអបអរ «រុក្ខទិវា» ៩កក្កដា នៅក្នុងឆ្នាំ២០១៩នេះ កូនឈើកម្រ និងប្រណិតចំនួន ១៣១៣៥ដើម ត្រូវបានដាក់ដាំលើផ្ទៃដីសរុប ១០ហិកតា ដែលក្នុងនោះ រួមមាន៖ កកោះ ៣០០០ដើម , អង្កាញ់ ៤៥០០ដើម, ធ្នង់ ៣០០០ដើម ,គ្រញូង ២០០០ដើម, ធ្នង់ដើមធំមានកម្ពស់ជាង ២ម៉ែត្រ ចំនួន ៦០០ដើម និង គគីរដើមធំ មានកម្ពស់ជាង២ម៉ែត្រ ចំនួន ៣៥ដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។