ឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក៣នាក់ ត្រូវកម្លាំងអាវុធហត្ថចាប់ខ្លួន ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរី
ឧកញ៉ា សឹង សំអុល ដែលគេដឹងថា ជាអ្នកជំនួញឈើនៅខេត្តភូមិភាគឦសាន និងមេការបស់ខ្លួនចំនួន២នាក់ ព្រមទាំងអ្នកបើករថយន្តម្នាក់ផង ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននៅថ្ងៃនេះ រួមជាមួយរថយន្តចំនួន៤០គ្រឿងផង នៅក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅខេត្តមណ្ឌលគិរី។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា ក្នុងប្រតិបត្តិការនោះ កម្លាំងអាវុធហត្ថបានចាប់ខ្លួនមនុស្ស៤នាក់ ដែលមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន មេការ និងអ្នកបើករថយន្ត ព្រមទាំងរថយន្ដជាង៤០គ្រឿង។
លោកបញ្ជាក់ថា រថយន្ដល្មើសផ្សេងទៀត ត្រូវបានឈ្មូញយកទៅលាក់ទុកនៅក្នុងព្រៃ ហើយនៅពេលនេះកម្លាំងជំនាញ កំពុងរុករកយ៉ាងក្ដៅគគុក ហើយថា រថយន្ដដែលសមត្ថកិច្ចរកឃើញនៅក្នុងព្រៃ នឹងបំផ្លាញចោលនៅទីនោះតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។