ជ្រូកជិត៨រយក្បាល ត្រូវសម្លាប់ចោលនៅកម្ពុជា ដោយសារជំងឺប៉េស្តជ្រូកអាហ្រ្វិក
នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី ”បញ្ហាផ្ទុះជំងឺប៉េស្តជ្រូក” ដែលរៀបចំធ្វើឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃព្រហស្បត្តិ លោក តាន់ ផាន់ណារ៉ា មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា គិតមកត្រឹមពេលនេះ មានសត្វជ្រូកប្រមាណ៧៩៨ក្បាលហើយ ត្រូវបានសម្លាប់ចោលដោយសារការផ្ទុះនូវជំងឺប៉េស្តជ្រូកអាហ្រ្វិកនៅខេត្តចំនួន៤របស់កម្ពុជា។
មន្រ្តីរូបនោះបានបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្រ្វិកដែលកំពុងរាលដាននៅកម្ពុជានេះ មិនមែនស្រាលទេ គឺអាចនឹងធ្ងន់ធ្ងរ ប៉ុន្តែយ៉ាងណាក៏ដោយ ក្រសួងមានវិធានការដើម្បីធ្វើការទប់ស្កាត់នូវការរាលដាលជំងឺនេះ។
តាមការបញ្ជាក់របស់លោក តាន់ ផាណារ៉ា បច្ចុប្បន្ននេះ គេបានរកឃើញសត្វជ្រូកសរុបជាង២ពាន់ហើយ ដែលបានឆ្លងនូវជំងឺប៉េស្តជ្រូកអាហ្រ្វិកនេះ។
គួររំលឹកថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក បានផ្ទុះឡើងនៅកម្ពុជាកាលពីដើមខែមេសា ដោយឆ្លងចូលដំបូងមកកាន់ខេត្តរតនគិរី និងរាលដាលបន្តបន្ទាប់មកកាន់ខេត្តត្បូងឃ្មុំ ស្វាយរៀង និងខេត្តតាកែវ។ តាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម ជំងឺនេះ បានធ្វើឲ្យអ្នកចិញ្ចឹមជ្រូកខាតបង់ប្រាក់ប្រមាណជាង១៥ម៉ឺនដុល្លារហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។