យប់មិញភ្លើងឆេះអគារកំពុងសាងសង់កម្ពស់ជាង១០ជាន់នៅក្រុងព្រះសីហនុ
សមត្ថកិច្ចនគរបាលផ្នែកពន្លត់អគ្គីភ័យ នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ មានអគ្គិភ័យ មួយករណី បានឆាបឆេះចេញពីបន្ទប់ជាន់ទី១២ នៃអគារកម្ពស់ជាង១០ជាន់មួយកន្លែង ដែលកំពុងសាងសង់ជិតរួចរាល់ របស់ការដ្ឋានក្រុមហ៊ុនជនជាតិចិន មានទីតាំងនៅតាមផ្លូវមុខសណ្ឋាគារខ្សាច់ស នាឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ។
អគ្គីភ័យនេះ សមត្ថកិច្ចបញ្ជាក់ថា មិនមានមនុស្សរងគ្រោះថ្នាក់អ្វីទេ ហើយថាដើមហេតុ បង្កើតឲ្យមានអគ្គិភ័យនេះកើតឡើង សមត្ថកិច្ចបានសន្និដ្ឋានបឋមថា ទំនងជាអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
មន្ត្រីនគរបាលពន្លត់អគ្គិភ័យបញ្ជាក់ថា ចំពោះសកម្មភាពកម្លាំងសមត្ថកិច្ចជំនាញចូលមកជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះអគារមានកំពស់ខ្ពស់ខាងលើបានទាន់ពេលវេលានេះ ដោយតែនៅក្នុងអគារនេះ មានរៀបចំប្រព័ន្ធទុយោទឹក សម្រាប់ពន្លត់អគ្គិភ័យនៅគ្រប់ជាន់ទាំងអស់ នៃអគារ ដែលបង្កលក្ខណៈងាយស្រួលដល់កម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការជួយពន្លត់អគ្គិភ័យនេះបានជោគជ័យ។
បន្ថែមលើនេះ ក្រុមសមត្ថកិច្ចជំនាញ បានប្រើបំពង់អុកសុីហ្ស៊ែន ដើម្បីឡើងទៅបាញ់ទឹកពន្លត់ភ្លើងឆេះនេះ ដល់ជាន់ដែលត្រូវឆេះ រហូតរលត់ជាស្ថាពរ និងមិនបណ្តាលឲ្យមានមនុស្សរងរបួស គ្រោះថ្នាក់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។