គយចល័តតំបន់៣ និងគយខេត្តព្រះសីហនុ ឆែកត្រួតពិនិត្យក្នុងឃ្លាំងលក់ម៉ាសុីនភ្លើងចំនួន២កន្លែង របស់ជាជនជាតិចិន រកឃើញម៉ាសុឺនភ្លើងជាង៦០គ្រឿង គ្មានពន្ធនាំចូល
នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩សមត្ថកិច្ចគយចល័តតំបន់៣ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដឹកនាំដោយលោកកែវ អង្កាម សហការជាមួយសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុដឹកនាំដោយលោកទុំ ណូ និងចូលរួមពីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ,កម្លាំងកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ ៤០២ របស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលពីលោក សុខ កល្យាណប្រធានសាលាដំបូងខេត្តព្រះសីហនុ និងលោកព្រះរាជអាជ្ញា សៀង សុខ ហើយនិងលោកព្រះរាជអាជ្ញារង លឹម ប៊ុនហេង ដឹកនាំចុះអនុវត្តន៏ផ្ទាល់ តាមដីកាលេខ២៨០៥ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តព្រះសីហនុ បានចូលឆែកត្រួតពិនិត្យក្នុងឃ្លាំងលក់ម៉ាសុីនភ្លើងចំនួន២កន្លែង មានម្ចាស់ជាជនជាតិចិន។
ក្នុងនោះ ១-ឃ្លាំងស្តុកម៉ាស៊ីនភ្លើងមានឈ្មោះ ហាង ហ្វូលីស៊ឺថឹ មានទីតាំងនៅ ឃ្លាំងគ្មានលេខ ផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទល់មុខរោងចក្រស្រាបៀរក្រោន និង ២-ឃ្លាំងស្តុកម៉ាស៊ីនភ្លើង (គ្មានឈ្មោះ) មានទីតាំងនៅ ឃ្លាំងគ្មានលេខ ផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទល់មុខរោងចក្រស្រាបៀរក្រោន ឆៀងខាងលិច ស្ថិតនៅក្នុងសង្កាត់លេខ១ក្រុងព្រះសីហនុ ។
បើតាមមន្ត្រីគយថ្លែងថា ក្នុងពេលឆែកត្រួតពិនិត្យកន្លែងលក់ម៉ាសុីនភ្លើងទាំង២កន្លែងនេះ សមត្ថកិច្ចរកឃើញមានម៉ាសុីនភ្លើងថ្មីទាំងតូចទាំងធំប្រមាណជាង៦០គ្រឿង ដែលមិនទាន់មានឯកសារបង់ពន្ធនាំចូលខុសនិងនិតិវិធីគយ។ ករណីនេះសមត្ថកិច្ចគយបានដកហូតយកម៉ាសុីនភ្លើងទាំងអស់ទៅរក្សាទុកជាបណ្តោះអាសន្នរួចហើយតម្រូវអោយម្ចាស់ចូលទៅបង្ហាញឯកសារបង់ពន្ធ បើគ្មានឯកសារត្រឹមត្រូវ តម្រូវអោយម្ចាស់បង់ពន្ធជូនរដ្ឋ ជាមួយនឹងការផាកពិន័យតាមនីតិវិធីច្បាប់ ។
មន្ត្រីគយថ្លែងបញ្ជាក់ផងដែរថា សកម្មភាពបង្ក្រាបទំនិញគេចពន្ធនេះ គឺអនុវត្តន៍តាមគោលការណ៍ណែនាំផ្ទាល់ពីប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបអំពើគេចពន្ធ និងលោកបណ្ឌិត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកគយនិងរដ្ឋាករកម្ពុជា ដែលតម្រង់ទិសអោយប្រតិបត្តិករឯកជនទាំងអស់ ទាំងជនជាតិខ្មែរនិងជនបរទេសត្រូវគោរពច្បាប់ពន្ធគយ ដើម្បីប្រមូលប្រាក់ពន្ធជូនរដ្ឋ។
សូមបញ្ជាក់ថា៖ មួយរយៈនេះ ទាំងគយល័តតំបន់៣ និងសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ បានប្រតិបត្តិការបង្ក្រាបទំនិញរត់ពន្ធ រថយន្តគ្មានពន្ធប្រើស្លាកលេខក្លែង និងរថយន្តចង្កូតស្តាំ-ឆ្វេង រត់ពន្ធបានជាច្រើនករណីដើម្បីទប់ស្កាត់បទល្មើស និងតម្រូវអោយបង់ពន្ធ ពិន័យតាមនីតិវិធីច្បាប់គយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។