អ្នកជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព នឹងឃាត់មិនឲ្យធ្វើដំណើរទៅមុខទៀតទេ
តាមការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា សមត្ថកិច្ចនឹងដាក់ចេញវិធានការថ្មីសម្រាប់អ្នកជិះម៉ូតូអត់ពាក់មួកសវត្ថិភាពដែលតម្រូវឲ្យអ្នកអត់ពាក់មួកសុវត្ថិភាពពេលបើកបរត្រូវឃាត់ខ្លួន មិនឲ្យធ្វើដំណើរទៅមុខនោះឡើយ ហើយរង់ចាំរហូតយកមួកសុវត្ថិភាពមកពាក់ទើបឲ្យធ្វើដំណើរទៅមុខបន្ត។
ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តបុញ្ញខេត្តារាម(ហៅវត្តថ្មី) ស្ថិតក្នុងភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង កាលពីចុងសប្តាហ៍កន្លងទៅនេះ។
សម្តេចក្រឡាហោម បានលើកឡើងថា អត្រាគ្រោះថ្នាក់ចរាចរនៅកម្ពុជាមិនមានការថមថយនោះឡើយ ដែលក្នុងរយៈពេល៦ខែ ឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍បានកើនជាង១០០ករណី បើធៀបក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨។ សម្តេចបញ្ជាក់ថា ចំនួនអ្នកស្លាប់ និងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះនៅតែមានការកើនឡើង ហើយជាការកត់សម្គាល់ឃើញថា គ្រោះថ្នាក់ចរាចរនេះ គឺបណ្តាលមកពីការមិនគោរពច្បាប់ចរាចរណ៍របស់អ្នកបើកបរ ក្នុងនោះចំនួនអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពនៅតែមានចំនួនច្រើនផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។