កម្ពុជានឹងរងឥទ្ធិពលពីព្យុះ ដាណាស់, បងប្អូនប្រជានេសាទ និងភ្ញៀវទេសចរតាមតំបន់ឆ្នេរ និងកោះ សូមប្រុងប្រយ័ត្ន
ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា នេះថា វិសម្ពាធមួយដែលស្ថិតនៅក្នុងសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច នឹងបំប្លែងខ្លួនទៅជាព្យុះទី៥ ឈ្មោះ ដាណាស់ (Danas) នៅថ្ងៃស្អែកនេះ ហើយមានទិសដៅឆ្ពោះទៅកាន់ប្រទេសចិនភាគខាងកើត។
ជាមួយគ្នានេះ កម្ពុជាយើង គឺត្រឹមតែទទួលរងនូវឥទ្ធិពលតែប៉ុណ្ណោះ ដោយវានឹងបណ្តាលខេត្តនៅមាត់សមុទ្រ និងមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន ខ្យល់ខ្លាំងបង្កើតទៅជារលកធំ និងខ្ពស់ៗ។
ដោយឡែកបណ្តាខេត្ត និងរាជធានីនៅតំបន់ទំនាបកណ្តាលភាគខាងត្បូង ភាគកណ្តាល និងភាគខាងកើត ដែលមានព្រំប្រទល់ជាប់វៀតណាម នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅបង្គួរ ទន្ទឹមនោះ ក៏អាចមានភ្លៀងខ្លាំងដោយកន្លែងផងដែរ។
សម្រាប់ខេត្តនៅភាគពាយ័ព្យ និងខ្ពង់រាប នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ហើយកន្លែងខ្លះ ភ្លៀងខ្លាំងផងដែរ។
តាមការព្យាករនេះ ក្រសួងស្នើដល់បងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសបងប្អូនប្រជានេសាទ និងភ្ញៀវទេសចរតាមតំបន់ឆ្នេរ និងកោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។