លក់ស៊ីមកាតទូរស័ព្ទត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយលក់ស៊ីមមិនយកអត្តសញ្ញាណប័ណ្ណ
កាលពីសប្តាហ៍កន្លងទៅនេះ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនបុរសម្នាក់ករណីលក់ស៊ីមកាតទូរស័ព្ទដោយមិនយកអត្តសញ្ញាណប័ណ្ណ ដែលផ្ទុយពីលិខិតរបស់និយ័តករទូរគមនាគមន៍កម្ពុជា។
សមត្ថកិច្ចបានបញ្ជាក់ថា បុរសម្នាក់នោះមានឈ្មោះ ស៊ឹង វណ្ណធី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ហាងលក់ទូរស័ព្ទនិងបញ្ចាំ ដែលមានយីហោ ហេង សុខលាភ មានទីតាំងផ្ទះលេខ១២បេអឺ០ ផ្លូវលេខ១៨២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។
តាមការសាកសួររបស់មន្រ្តីជំនាញ ឈ្មោះ ស៊ឹង វណ្ណធី បានសារភាពថា ខ្លួនពិតជាបានលក់ស៊ីមកាតដោយមិនយកអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួន និងលក់ស៊ីមកាតដែលមានអត្តសញ្ញាណប័ណ្ណអ្នកដទៃជំនួស ព្រមទាំងបានធ្វើ LED ដើម្បីផ្សាយពិតប្រាកដមែន។ បច្ចុប្បន្ន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
សូមបញ្ជាក់ថា កន្លងមកមានបទល្មើសជាច្រើន ដូចជាការប្រើទូរស័ព្ទមកបោកបញ្ឆោតជនរងគ្រោះដើម្បីឈ្នះរង្វាន់ផ្សេងៗ ការឆបោកតាមរយៈការក្លែងធ្វើជាសាច់ញាតិជួបគ្រោះថ្នាក់ចរាចរណ៍ និងតម្រូវឲ្យផ្ញើប្រាក់ មកសង្រ្គោះ ការឆបោកតាមរយៈបណ្តាញសង្គម Facebook ក៏ដូចជាបទល្មើសដែលបង្កអសន្តិសុខដល់សង្គមផ្សេងៗទៀត។
លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសហការណ៍ជាមួយសមត្ថកិច្ចនគរបាល ដោយមិនទិញ ឬលក់ ស៊ីមកាតទូរស័ព្ទ ដែលគ្មានអត្តសញ្ញាណច្បាស់លាស់ ជាពិសេសឲ្យបណ្តាហាងលក់ស៊ីមកាតទាំងអស់ បញ្ឈប់ជាបន្ទាន់រាល់ការលក់ស៊ីមកាតដែលមិនមានបញ្ជាក់អត្តសញ្ញាណអ្នកប្រើប្រាស់ច្បាស់លាស់ ព្រោះពួកគេអាចប្រឈមមុខនឹងច្បាប់និងបិទអាជីវកម្មរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។