កម្ពុជាប្រកាសប្រើប្រាស់ App «Kingdom of wonder»
កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីនៅលើទូរស័ព្ទដៃឆ្លាតវៃ ឬហៅថា Mobile Application (App) ថ្មីលើកដំបូងដែលមានឈ្មោះថា «Kingdom of wonder» ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍របស់ខ្លួនតាមប្រព័ន្ធឌីជីថល ទៅកាន់ទីផ្សារទេសចរណ៍ពិភពលោកកាន់តែខ្លាំងក្លាថែមទៀត។
ការប្រកាសដាក់ឱ្យប្រើប្រាស់ App ថ្មីនេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាតាមប្រព័ន្ធឌីជីថល និងការប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីនៅលើទូរស័ព្ទ «Kingdom of wonder» នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប ក្រោមអធិបតីភាពលោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប។
លោកគុជ បញ្ញាសា ឲ្យដឹងថា និន្នាការនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលទទួលបានការពេញនិយមកាន់តែច្រើនពីសំណាក់ប្រជាជន ក៏ដូចជាទេសចរជុំវិញពិភពលោក ដោយគិតត្រឹមឆ្នាំ២០១៨ មានអ្នកប្រើប្រាស់រហូតដល់ ៤.១ពាន់លាននាក់ ក្នុងនោះ Facebook មានអ្នកប្រើប្រាស់ចំនួន ២.៣២ពាន់លាននាក់ និង YouTube មានអ្នកប្រើប្រាស់ចំនួន ១.៨ពាន់លាននាក់។ ដូច្នេះហើយបានជាក្រសួងទេសចរណ៍កម្ពុជា រៀបចំឱ្យមានកម្មវិធីនៅលើទូរស័ព្ទដៃឆ្លាតវៃ «Kingdom of Wonder» នេះឡើង ដើម្បីដាក់ឱ្យទេសចរជាតិ-អន្តរជាតិទាញយក (Download) ក្នុងប្រព័ន្ធប្រតិបត្តិការ IOS (App Store) និងក្នុងប្រព័ន្ធប្រតិបត្តិការ Android (Play Store) ដោយឥតគិតថ្លៃ។
បើតាមលោកអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ កម្មវិធីទូរស័ព្ទដៃឆ្លាតវៃ «Kingdom of Wonder» គឺជាបណ្តុំព័ត៌មានទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដែលរួមមានគោលដៅទេសចរណ៍ ព្រឹត្តិការណ៍ទេសចរណ៍ ផែនទីទេសចរណ៍ ជើងហោះហើរ អាកាសធាតុ ភោជនីយដ្ឋាន កន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរក្នុងស្រុក និងព័ត៌មានសំខាន់ៗដទៃទៀត ដែលផ្តល់ភាពងាយស្រួលក្នុងការស្វែងរកព័ត៌មាន និងគ្រប់ជ្រុងជ្រោយសម្រាប់ភ្ញៀវទេសចរ ដែលមានបំណងទស្សនាកម្ពុជា ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។
លោកបានស្នើភាគីពាក់ព័ន្ធ ក៏ដូចជាផ្នែកឯកជនក្នុងវិស័យទេសចរណ៍ចូលរួមផ្សព្វផ្សាយដល់បណ្តាញ និងអតិថិជនរបស់ខ្លួនឱ្យបានកាន់តែទូលំទូលាយ និងត្រៀមខ្លួនចាប់យកឱកាសទាញយកប្រយោជន៍ពីប្រព័ន្ធឌីជីថលឱ្យបានច្រើនតាមដែលអាចធ្វើបាន ជាពិសេសប្រែក្លាយសេវាកម្មក្នុងអាជីវកម្មរបស់ខ្លួន ឱ្យស្របតាមនិន្នាការថ្មីនៃសាកលលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។