ក្រុមហ៊ុនជប៉ុនចំនួន៣ នឹងមកចូលដេញថ្លៃក្នុងការប្រមូលសំរាមនៅកម្ពុជា
លោក មីកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ក្នុងជំនួបជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី ១២ ខែកុម្ភ: នេះ បានអះអាងថា មានក្រុមហ៊ុនជប៉ុនចំនួន៣បានចាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា ដោយក្រុមហ៊ុនទាំងនោះគ្រោងចូលរួមក្នុងការដេញថ្លៃក្នុងការប្រមូលសំរាមនៅកម្ពុជា។
លោកទូតបានលើកឡើងថា ជប៉ុនកំពុងយកចិត្តទុកដាក់ បន្ទាប់ពីបានជួយរាជធានីភ្នំពេញ លើវិស័យទឹកស្អាត លើវិស័យចំរោះទឹក ហើយការយកចិត្តទុកដាក់ នៅពេលនេះលើវិស័យសំរាមតែម្ដង ដែលវិស័យសំរាមនេះ គឺជាកត្តាចាំបាច់។ ក្នុងន័យនេះ លោកថា ក្រុមហ៊ុនជប៉ុនចំនួន៣ នឹងចូលរួមចំណែកដេញថ្លៃ ក្នុងការប្រមូលសំរាមនៅកម្ពុជា។
ជាការឆ្លើយតបពាក់ព័ន្ធនឹងបញ្ហាការប្រមូលសំរាមនេះ សម្ដេចតេជោបានមានប្រសាសន៍ថា នៅពេលនេះរាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ កំពុងតែដាក់ការប្រមូលសំរាមនេះ ស្ថិតនៅក្នុងអន្តរកាល ព្រោះថាក្រុមហ៊ុនចាស់ ពុំអាចទទួលការងារនេះបានទៀតទេ ដោយសារទីក្រុងភ្នំពេញ មានការរីកធំ ពីប្រមាណ៣០០គីឡូម៉ែត្រក្រឡា ទៅ៦០០គីឡូម៉ែត្រក្រឡា ហើយនៅពេលដ៏ខ្លីខាងមុខនេះ ស្ថាប័នទាំងពីរគឺ សាលារាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងដាក់ឲ្យដេញថ្លៃ, ដូច្នេះក្រុមហ៊ុនជប៉ុន ដែលមានចំណាប់អារម្មណ៍ គប្បីចូលដេញថ្លៃ ដើម្បីជួយដល់ ការប្រមូលសំរាមនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។