សម្តេចតេជោ​៖ ការ​អនុញ្ញាត​ឲ្យ​នាវា Westerdam ចូល​ចត​នៅ​កំពង់ផែក្រុងព្រះសីហនុ គឺ​ដើម្បី​លុប​បំបាត់​នូវ​ជំងឺភ័យខ្លាច

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ នេះ នាវាខ្នាត​យក្ស​មួយ​គ្រឿង​​ដែលមាន​ឈ្មោះថា Westerdam ដែល​មាន​ផ្ទុក​មនុស្ស​ប្រមាណ​២ពាន់​នាក់ ហើយ​ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ចូល​ចត​នៅ​ប្រទេស​ជប៉ុន ក៏​ដូចជា​ប្រទេស និង​កោះ៥ទៀត​ដោយ​សារ​ខ្លាច​វីរុស​កូរ៉ូណា ឬ Covid-19 ​នោះ នឹង​ចូល​ចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ​របស់​កម្ពុជាហើយ។

ពាក់ព័ន្ធនឹង​ការ​អនុញ្ញាត​ឲ្យ​នាវានេះ​ចូល​ចត​នៅ​កំពង់ផែក្រុង​ព្រះសីហនុ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា បាន​ថ្លែង​ប្រាប់ Fresh News កាលពីយប់មិញ​ថា ការ​អនុញ្ញាត​ឲ្យ​នាវានេះ​ចូល គឺ​បង្ហាញពី​ការ​លុប​បំបាត់​នូវ​ជំងឺ​ភ័យ​ខ្លាច ដែល​កំពុង​កើត​មាន​នៅ​លើ​ពិភពលោក​យើង​នេះ ហើយ​កម្ពុជា​គ្មាន​ឡើយ​ការ​រើស​អើង​ពូជសាសន៍ ដោយ​ត្រូវ​តែ​ចូលរួម​សង្រ្គោះ​ក្នុង​កិច្ច​ការ​មនុស្ស​ធម៌ ខណៈពួក​គេ​កំពុង​ជួប​គ្រោះអាសន្ន។

«ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើគេបានបិទអស់ហើយ, ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ…»។

សូម​បញ្ជាក់ថា នាវាទេសចរណ៍ឈ្មោះ​ Westerdam នឹងមកចូលចតនៅកំពង់ផែ​ ខេត្តព្រះសីហនុ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៣​ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

ក្រុមហ៊ុននាវាទេសចរណ៍បានឲ្យដឹងតាមរយៈគេហទំព័ររបស់ខ្លួនថា នាវានេះនឹងសំចត១-២ថ្ងៃនៅខេត្តព្រះសីហនុ ព្រមទាំងសម្រេចជួលយន្តហោះសម្រាប់ដឹកជញ្ជូនអ្នកដំណើរ ពីព្រលានយន្តហោះ ខេត្តព្រះសីហនុ ទៅកាន់អាកាសយានយន្តអន្តរជាតិភ្នំពេញ ហើយអ្នកដំណើរបន្តត្រឡប់ទៅផ្ទះវិញរៀងខ្លួនៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close