នាវាទេសចរណ៍ខ្នាតយក្ស Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ
នាវាទេសចរណ៍ខ្នាតយក្ស របស់សហរដ្ឋអាមេរិក ឈ្មោះ Westerdam ដែលផ្ទុកមនុស្សជាង២២០០នាក់ បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ នៅព្រឹកទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ខណៈប្រទេស និងកោះចំនួន៦មិនអនុញ្ញាតឲ្យចូលចត ព្រោះតែខ្លាចពីជំងឺរលាកសួតប្រភេទថ្មី Covid-19។
ការអនុញ្ញាតនេះ បានធ្វើឲ្យក្រុមហ៊ុន Holland America Line និងអ្នកដំណើរដែលកំពុងស្ថិតនៅលើនាវា Westerdam បានសរសេរសារនៅលើ Facebook ដោយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកម្ពុជា ដែលបានគាំទ្រ និងអនុញ្ញាតឲ្យកប៉ាល់របស់ខ្លួនបានចូលចតនៅកំពង់ផែព្រះសីហនុ ហើយបន្ទាប់ពីមានការធានាច្បាស់លាស់ពីអ្នកគ្រប់គ្រងនាវា Westerdam ថា មនុស្សទាំងអស់លើកប៉ាល់មិនមានអ្នកណាម្នាក់មានជំងឺឬ រោគសញ្ញាណាមួយនៃជំងឺរលាកផ្លូវដង្ហើមថ្មីCovid-19 នោះទេ។
នៅព្រឹកមិញ រដ្ឋមន្ត្រីរបស់កម្ពុជា រួមមាន លោក ស៊ុន ចាន់ថុល លោក ម៉ម ប៊ុនហេង លោក ថោង ខុន លោកអភិបាលខេត្ត គួច ចំរើន រួមទាំងមន្ត្រីស្ថានទូតអាមេរិក បានទៅស្វាគមន៍ចំពោះការមកដល់នាវានេះផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។