ម៉ាស់ជាង៣០ម៉ឺន ត្រូវចែកជូនអ្នកទេសចរ និងពលករនៅច្រកប៉ោយប៉ែត
បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី អុី ចំរើន បានចែកជូនម៉ាសដល់ភ្ញៀវជាតិ អន្តរជាតិចំនួន១៧ ថ្ងៃ ចាប់ថ្ងៃទី២៧ ខែមករា មកដល់ថ្ងៃទី១៧ ខែកុម្ហះ ឆ្នាំ២០២០ មានចំនួន ៣៤០,១៥០ ម៉ាស ហើយដែលប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានបើកយុទ្ធនាការចែកម៉ាស ដោយពុំគិតប្រាក់ ជូនដល់ភ្ញៀវជាតិ-អន្តរជាតិ អាជីវករ ពលករ កម្មករអូសរទេះ អ្នករត់ម៉ូតូឌុប និងប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
យុទ្ធនាការនាថ្ងៃទី២៧ ខែមករារហូតដល់ថ្ងៃទី១៦ ឆ្នាំ២០២០នេះ ដឹកនាំដោយលោក ឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍ និងមន្ត្រីក្រោមឱវាទ នៅចំណុចច្រកចេញចូលគល់ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ធ្វើការចែកម៉ាសនេះជាផ្នែកមួយ ក្នុងគោលបំណងជួយទប់ស្កាត់ជំងឺផ្លូវដង្ហើម វីរុសCOVID19 ស្របពេលដែលជំងឺនេះកំពុងតែឆ្លងរាតត្បាត នៅតាមបណ្ដាប្រទេសមួយចំនួនលើពិភពលោក ។
ហើយក្នុងការចែកម៉ាសនេះ គ្រោងនឹងបន្តចែកជូនអ្នកដំណើរឆ្លងកាត់ ដោយឥតគិតថ្លៃ រហូតដល់មានសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល ស្ដីពី វីរុសCOVID19 ត្រូវបានបញ្ចប់ និងត្រូវចំណាយម៉ាសអស់យ៉ាងតិច ១ មួយលានម៉ាស ក្នុងរយៈពេល១ខែ។
ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត សូមថ្លែងអំណរគុណដល់ លោកឧត្តមសេនីយ៍ត្រី អុី ចំរើន ដែលលោកបានចែកម៉ាសជូនដល់ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនអាជីវករទាំងអស់ ដែលចេញនិងចូល ច្រកទ្វារអន្តរជាតិប៉ោយប៉ែត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។