ពលរដ្ឋ​ស្នើ​ឲ្យ​រដ្ឋមន្រ្តីក្រសួងសាធារណការ ជួយ​មើល​ប្រធាន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរថយ​ន្តផ្លូវជាតិលេខ​៧ឃុំជប់ផង

ប្រជាពលរដ្ឋ ក៏​ដូចជា​អ្នកធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ៧ បាន​ថ្លែងថា បច្ចុប្បន្ននេះប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត​ថ្នល់ទទឹងផ្លូវជាតិលេខ៧ ស្ថិត​ក្នុង​ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កំពុងប្រើតួនាទី និងអំណាច របស់ខ្លួនប្រមូលលុយតាមរបៀបពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់។

ប្រភពពីក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញ ដឹកជញ្ជូនកសិផលឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ផ្លូវជាតិលេខ៧ ឃុំជប់ ថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់ក៏ដោយ ក៏ត្រូវបង់លុយតាម ការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍នោះដែរ។ ទន្ទឹមនឹងនេះក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងឃុំជប់បាន​ឃុបឃិតឲ្យម្ចាស់រថយន្តធំៗផ្ទុកលើសទម្ងន់អាចបើកបរឆ្លងកាត់មុខស្ថានីយ៍​យ៉ាងរលូនដោយមិន ចាំបាច់ចូលថ្លឹងឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសនោះទេ។

មិនតែប៉ុណ្ណោះប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹងផ្លូវជាតិលេខ៧ឃុំជប់ តែងប្រើឈ្មោះលោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការខេត្តត្បូងឃ្មុំ ធ្វើជាបង្អែកទៀតផង។

យ៉ាងណាក៏ដោយ ពលរដ្ឋ​រំពឹងថា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស នឹង​មិន​បណ្តែតបណ្តោយឲ្យក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ធ្វើអ្វីៗតាមអំពើចិត្តទៀតឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close